នាយករដ្ឋមន្ត្រីថៃ គឺជាមនុស្សដំបូងបំផុត ដែលបានប្រើប្រាស់ថ្នាំពេទ្យចម្រាញ់ចេញពីកញ្ឆា
ថៃ៖ នាយករដ្ឋមន្ត្រីថៃគឺលោក ប្រាយុទ្ធ ចាន់អូចា បានក្លាយជាមនុស្សទីមួយ ដែលបានប្រើប្រាស់នូវថ្នាំពេទ្យចម្រាញ់ចេញពីរុក្ខជាតិកញ្ឆានៅក្នុងប្រទេសថៃ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវថ្នាំចម្រេញចេញពីកញ្ឆា ដែលបានរៀបចំឡើងជាផ្លូវការដោយរដ្ឋាភិបាលថៃផ្ទាល់តែម្តង។ នៅក្នុងព្រឹត្តិការណ៍នោះគេក៏បានឃើញផងដែរថា លោកនាយករដ្ឋមន្ត្រីវ័យ ៦៥ ឆ្នាំ បានយកប្រេងធម្មជាតិដែលចម្រាញ់ចេញពីដំណាំមានជាតិស្រវឹងមកហិត ហើយបន្ទាប់មកយកទៅលាបនៅផ្នែកខាងក្រោយត្រចៀករបស់គាត់ប្រកបដោយទំនុកចិត្តបំផុត។

ឥរិយាបថមួយនេះបានបង្ហាញដល់សាធារណៈជនថា ថ្នាំពេទ្យចម្រាញ់ចេញពីកញ្ឆាពិតជាមានសុវត្ថិភាព និងគុណភាពល្អ ១០០% សម្រាប់ប្រើប្រាស់។ គួរម្លឹកជូនថា កាលពីឆ្នាំកន្លងទៅនេះរដ្ឋាភិបាលថៃបានសម្រេចបង្កើតច្បាប់អនុញ្ញាតឲ្យមានការដាំដុះដំណាំកញ្ឆាសម្រាប់ប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ ហើយរហូតមកទល់នឹងពេលនេះថៃបានឈានដល់ដំណាក់កាលអាចផលិតថ្នាំពេទ្យចម្រាញ់ចេញពីកញ្ឆាបានដោយជោគជ័យហើយ៕
អត្ថបទ៖ ភក្តី
