ព័ត៌មានជាតិ
តែប៉ុណ្ណេះលែងពិបាកហើយ! រដ្ឋបាលរាជធានីភ្នំពេញ ចាត់ឲ្យបង្កើតក្រុមការងារសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីសង្កាត់ព្រែកប្រា មកសង្កាត់ចាក់អង្រែលើ
BY Khmernote Media
December 18, 2019
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានចាត់ឲ្យបង្កើតក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

សមាសភាពក្រុមការងារដែលនឹងត្រូវចូលរួមមានដូចជា ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ជាប្រធានក្រុមការងារ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ជាអនុប្រធានក្រុមការងារ ព្រមទាំងសមាជិក១៧នាក់ផ្សេងទៀត ដោយមានភារកិច្ច ចុះសិក្សាកំណត់ទីតាំងសាងសង់ ដើម្បីលើកគម្រោងប្លង់សាងសង់ស្ពាន, ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងការងារសំខាន់ៗមួយចំនួនទៀត៕
អត្ថបទ៖ សេម

