អភិបាលខេត្តបាត់ដំបង ស្នើសុំរុះរើស្ពានចាស់សម័យបារាំងអាយុជាង១០០ឆ្នាំ ដែលជាសំណង់បេតិកភណ្ឌសល់តែមួយគត់នៅកម្ពុជា តែត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បដិសេធ
យោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបងបានស្នើសុំគោលការណ៍អនុញ្ញាតធ្វើការរុះរើស្ពានចាស់សម័យបារាំងស្ថិតនៅមុខសាលាខេត្ត ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយល់ឃើញថា ពុំគួរធ្វើការរុះរើស្ពានចាស់នេះ ដោយសារតែស្ពាននេះមានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយ ដែលបានកសាងនៅក្នុងសម័យអាណានិគមបារាំង ជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់នៅក្នុងកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។
ម៉្យាងទៀត ស្ពាននេះចាត់ទុកជាមរតកដ៏កម្រមួយដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង គួរតែថែរក្សាទុក និងធ្វើការជួសជុលឡើងវិញ ហើយប្រើប្រាស់ជាស្ពានថ្មើរជើង ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានស្នើសុំកិច្ចសហការជាមួយអ្នកជំនាញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះទៅពិនិត្យសិក្សាផ្ទាល់ដល់ទីតាំង ក្នុងគោលបំណងរកដំណោះស្រាយមួយដ៏ល្អ ក្នុងន័យអភិរក្ស ដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ ដើម្បីអភិរក្សប្រកបដោយចីរភាព៕

អត្ថបទ៖ សេម

