អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការបកស្រាយទាក់ទងនឹងករណី បេក្ខជនអាយុទើប២០ឆ្នាំប្រឡងជាប់ចៅក្រម
មួយរយៈចុងក្រោយនេះ មានការជជែកវែកញែកជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីការប្រកាសលទ្ធផល នៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម (ជំនាន់ទី១០) នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយក្នុងនោះមានបេក្ខនារីម្នាក់បានជាប់ជាស្ថាពរ ប៉ុន្តែកើតក្នុងឆ្នាំ១៩៩៩ បើគិតទៅមានអាយុប្រហែល២០ឆ្នាំប៉ុណ្ណោះ ដែលធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង។

ជុំវិញបញ្ហានេះ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការបកស្រាយជាសាធារណៈថា បេក្ខនារីឈ្មោះ សយ យូសុមនា កើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៩ បានប្រឡងជាប់ជ្រើសរើសជាសិស្សចៅក្រម (ជំនាន់ទី១០) ដែលនេះមិនមែនជាការប្រឡងប្រជែងចូលធ្វើជាចៅក្រោមភ្លាមនោះទេ។ នេះជាការប្រឡងប្រជែងចូលធ្វើជាសិស្សចៅក្រម (ជំនាន់ទី១០) ចំនួន៥០រូប ដើម្បីចូលរៀនថ្នាក់ធ្វើជាចៅក្រមប៉ុណ្ណោះ ហើយទាល់តែប្រឡងចេញធ្វើជាចៅក្រមបានជាប់ទៀត ទើបអាចចេញធ្វើចៅក្រមបាន មិនមែនការប្រឡងសិស្សចៅក្រមជំនាន់ទី១០ សម័យប្រឡង ២៣-២៤ វិច្ឆិកា ២០១៩ នេះជាប់ហើយចេញធ្វើជាចៅក្រមភ្លាមនោះទេ។
ម៉្យាងទៀតការប្រឡងប្រជែសរើសសិស្សចៅក្រម (ជំនាន់ទី១០) ក៏គោរពទៅតាមលក្ខខណ្ឌដែលបានកំណត់ចំនួន៣ប្រការផងដែរគឺ ក).សញ្ជាតិខ្មែរពីកំណើត ខ).អាយុ៣៥ឆ្នាំយ៉ាងច្រើន (មិនមែនអាយុ៣៥ឆ្នាំទើបអោយចូលប្រឡងបានទេ) ចំពោះបេក្ខជនជានិស្សិត គ).ត្រូវមានសញ្ញាបត្របរិញ្ញាបត្រច្បាប់ឡើងទៅ ឃ). លិខិតថ្កោលទោសចេញពីក្រសួងយុត្តិធម៌ ង).លិខិតបញ្ជាក់សុខភាពចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឃើញថា ឈ្មោះក្នុងបញ្ជីដែលអនុញ្ញាតឲ្យចូលប្រឡងប្រជែងជ្រើសរើស សិស្សចៅក្រម ជំនាន់ទី១០ ដែលបេក្ខនារី សយ យូសុមនា ពិតជាបានបំពេញគ្រប់លក្ខខណ្ឌដែលបានកំណត់៕

អត្ថបទ៖ សេម


