គ្រោងបណ្ដេញជនបរទេសម្នាក់ចេញពីកម្ពុជា ក្រោយប្រើហិង្សាវាយដំមកលើបុរសជនជាតិខ្មែរ និងវាយស្ត្រីជាប្រពន្ធជនជាតិខ្មែរញឹកញាប់ទៀតផង
ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនបរទេសម្នាក់ឈ្មោះ BAYERJAKE NICHOLAS ភេទប្រុស កើតថ្ងៃទី១៥-០១-១៩៨៨ ជនជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ PA៥១៥៤៧១៩ ត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី បន្ទាប់ពីបានបង្កអំពើហិង្សាដោយចេតនាលើជនជាតិខ្មែរនៅក្នុងខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងទៀតថា កាលពីវេលាម៉ោង០៣និង១៥នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៩នោះ ជនបរទេសរូបនេះ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ញ៉ិល សុភត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបររត់រ៉ឺម៉ក ចំនួនមួយដៃ ត្រូវចំក្រោមភ្នែកខាងស្តាំ បណ្តាលឲ្យហើមប៉ោង នៅចំនុចផ្ទះសំណាក់អង្គរយើងII ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ និងនាំមកសាកសួរនៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងបន្ថែមទៀតថា តាមការសាកសួរបំភ្លឺពីជនរងគ្រោះ និងសាក្សី បានឲ្យដឹងថា ជនបរទេសរូបនេះ តែងតែធ្វើសកម្មភាពវាយទៅលើប្រពន្ធជាជនជាតិខ្មែរជាញឹកញាប់ និងមានអាការៈ ដូចជាមនុស្សមានបញ្ហាសតិដែលពេលខ្លះមិនអាចគ្រប់គ្រងខ្លួនឯងបាន ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប