បិទចរាចរណ៍ផ្លូវខ្សែនេះបណ្តោះអាសន្នរយៈពេល០៥ថ្ងៃនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល
យោងតាមសេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធពិធីអបអរសាទរពិធីបុណ្យខាងលើនេះ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នៅសួនច្បារមុខព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប និងមានការបាញ់កាំជ្រួចអបអរសាទរព្រមទាំងមានការប្រគុំតន្ត្រីសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចជាតិ និងអន្តរជាតិ ទស្សនាកម្សាន្ត។

ដូច្នេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាប ក៏ដូចជាក្នុងបរិវេណកន្លែងប្រារព្ធពិធី រដ្ឋបាលខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នៅកំណាត់ផ្លូវហ្សាដឺហ្គោល ចាប់ពីចំណុចមហាសណ្ឋាគារអង្គររហូតដល់ចំណុចរង្វង់មូលស្ពានព្រះរាជដំណាក់ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០៕

អត្ថបទ៖ សេម