លោក ផែង វណ្ណៈ និងសប្បុរសជន ឧបត្ថម្ភប្អូនស្រីម្ចាស់ពានស្បែកជើងមាស និងម្ចាស់ពាន់ស្រោមដៃមាស ក្នុងម្នាក់ៗ ២០០$ បន្ថែម ពីលើប្រាក់រង្វាន់ ១សែនរៀល
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវប្រាក់រង្វាន់របស់ កីឡាការិនី វឿន សុថាន ជាកីឡាការិនីបាល់ទាត់សមាគមនៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ដែលបានទទួលស្បែកជើងមាស ក្នុងការទាត់បាល់បញ្ចូលទីច្រើនជាងគេ ដោយលេចឮថាទទួលបានប្រាក់រង្វាន់ត្រឹមតែ ១សែនរៀល (25$)។ ដោយគណនីហ្វេសប៊ុក Van SoVann បានសរសេររៀបរាប់ថា៖ ” សូមចូលរួមអបអរដល់កីឡាការិនី វឿន សុថាន ជាកីឡាការនីបាល់ទាត់សមាគមនៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំងដែលបានទទួលស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជា”។ យ៉ាងណាមិញប្រភពដែលបង្ហោះនេះក៏បានបកស្រាយថា ទឹកប្រាក់១០ម៉ឺនរៀលនេះ គឺជាប្រាក់លើកទឹកចិត្ត។ ក្រោយពីបានបង្ហោះរូបភាព កីឡាការិនីបាល់ទាត់វឿន សុថាន ជាម្ចាស់ពាន់ស្បែកជើងមាស ជាមួយនឹងប្រាក់រង្វាន់ចំនួន១០ម៉ឺនរៀល មហាជនជាច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំង ហើយក៏សង្ឃឹមថាប្រាក់រង្វាន់នឹងប្រសើរជាងនេះផងដែរ។

យ៉ាងណាមិញមុននេះប៉ុន្មានម៉ោង លោក ផែង វណ្ណៈ បានបង្ហោះឲ្យដឹងថា៖ ៉ខ្ញុំឧបត្ថម្ភក្មួយស្រី វឿន សុថាន ២០០ ដុល្លារ បន្ថែមលើប្រាក់រង្វាន់ ១០ ម៉ឺនរៀល ប្អូនស្រី សាយ សោភា នាយិកាសាលា Workd ឧបត្ថម្ភអ្នកចាំទី ២០០ ដុល្លារ បន្ថែមលើប្រាក់រង្វាន់ ១០ម៉ឺន រៀល បន្ទាប់ពីទទួលបានព័ត៌មានថា ក្មួយស្រី កីឡាការិនី វឿន សុថាន ជាកីឡាការិនីបាល់ទាត់ សមាគម នៃ មន្ទីរអប់រំ យុវជន និង កីឡា ខេត្តកំពង់ឆ្នាំង ទទួលបានស្បែកជើងមាសក្នុងការទាត់បាល់បញ្ចូលទីបានច្រេីនជាងគេ ទទួលបានប្រាក់ឧបត្ថម្ភតែ ១០ ម៉ឺនរៀល ខ្ញុំបាទ និង ក្រុមគ្រួសារ សូមឧបត្ថម្ភបន្ថែមចំនួន ២០០ ដុល្លារ ។ ចំណែកអ្នកចាំទីដែលទទួលបានស្រោមដៃមាស ប្អូនស្រី សាយ សោភា នាយិកាសាលា World ឧបត្ថម្ភចំនួន ២០០ ដុល្លារ ដែរ ។ នៅថ្ងៃស្អែកខ្ញុំនឹងអោយតំណាងយកថវិកាទៅជូនក្មួយស្រី សូមអបអរសាទរក្មួយស្រីទាំង ២ ៕


