សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខអ្នករងរបួសនៅមន្ទីរពេទ្យ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខអ្នករងរបួស នៅមន្ទីរពេទ្យ យប់ទាបភ្លឺថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីសង្គ្រោះចេញពីគំនរបាក់បែកក្នុងហេតុការណ៍បាក់ស្រុតអាគារ ៧ជាន់ នៅខេត្តកែប។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី គឺតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងគ្រាលំបាកបំផុត ដូចជាករណីបាក់រលំអគារកំពស់៧ជាន់នៅខេត្តកែបនេះ។ សូមបញ្ជាក់ថាគិតត្រឹមម៉ោង៥:០០ព្រឹក ថ្ងៃទី០៤ មករា ឆ្នាំ២០២០ ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៥នាក់ ហើយដែលក្នុងនោះមានស្លាប់៧នាក់។ មកទល់ព្រឹកថ្ងៃទី ៤ មករានេះ ក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកបន្តទៀត។

កាលពីយប់មិញថ្ងៃទី ៣ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានអញ្ជើញធ្វើដំណើរពីភ្នំពេញមកទាំងយប់ ហើយបាននៅជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់រហូតដល់ម៉ោង៥:០០ទៀបភ្លឺ ចូលដល់ថ្ងៃទី ៤ មករា។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញមកសួរសុខទុក្ខបងប្អូនរងគ្រោះជាច្រើនទៀតនៅមន្ទីរពេទ្យបង្អែកខេត្តកែប។ សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ៕




