សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ៤០លានរៀលដល់អ្នករងរបួស ចំណែកជនរងគ្រោះបាត់បង់ជីវិតទទួលបានថវិកា ២០០លានរៀល បន្ថែម១០លានរៀលសម្រាប់បុណ្យសពនីមួយៗ
នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដល់ជនរងគ្រោះ អ្នករងរបួស និងស្លាប់នៅក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប។ ដោយអ្នករងរបួសក្នុងមួយនាក់ទទួលបានថវិកា ៤០លានរៀល (១ម៉ឺនដុល្លារអាមេរិក) អ្នកស្លាប់វិញសាកសពមួយថវិកា ២០០លានរៀល (៥ម៉ឺនដុល្លារអាមេរិក) ព្រមទាំងថវិកាបន្ថែម១០លានរៀលសម្រាប់បុណ្យសពនីមួយៗ។

សម្តេចតេជោ បានសរសេររៀបរាប់ថា៖ “ដើម្បីសម្រាលនៅការលំបាកសម្រាប់ជនរងគ្រោះទាំងអ្នករបួសនិងគ្រួសារអ្នកដែលបានស្លាប់ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់៤០លានរៀលស្មើរនឹង១មុឺនដុល្លារ10,000$។ សម្រាប់អ្នកស្លាប់សាកសពមួយថវិកាចំនួន២០០លានរៀលស្មើនឹង៥មុឺនដុល្លារ50,000$ និងបន្ថែម១០លានរៀលសម្រាប់បុណ្យសពនីមួយៗ។ ថវិការដ្ឋនិងថវិកាសប្បុរសជនត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ។ ជំនួយការខ្ញុំលោកសេង ទៀងនឹងយកថវិការទៅដល់ផ្ទះនៃគ្រួសារសព”។ គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃនេះ ជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញ ក្នុងនោះស្លាប់៧នាក់ ខណៈក្រុមការងារសង្រ្គោះបន្ទាន់បន្តជួយសង្គ្រោះយ៉ាងសកម្មបំផុត៕
សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ៕

