ម្តាយខំទិញកាស Airpods កាដូឲ្យថ្ងៃបុណ្យណូអែល បែរកូនប្រុសច្រលំលេបចូលក្នុងពោះ
យោងតាមការចុះផ្សាយវេបសាយ Business Insider ចេញផ្សាយនៅថ្ងៃសុក្រនេះ បានសរសេរថា អ្នកស្រី Kirara Stroud ដែលត្រូវបានស្គាល់ថាជាម្តាយរបស់ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់រស់នៅរដ្ឋអាត្លង់តា សហរដ្ឋអាមេរិក បានបញ្ជូនកូនប្រុសរបស់ខ្លួននេះទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយបានដឹងថា កូនប្រុសបានលេប AirPods មួយចំហៀងចូលទៅក្នុងពោះ។ អ្នកស្រី Kirara Stroud បានឲ្យដឹងថា អ្នកស្រីបានទិញ Airpods នេះឲ្យកូនប្រុស ដើម្បីជាកាដូថ្ងៃបុណ្យ Christmas ប៉ុន្តែបែរជាជួបហេតុការណ៍បែបនេះទៅវិញ។

អ្នកស្រីបានបញ្ជាក់ផងដែរថា កូនប្រុសរបស់អ្នកស្រីបានយកកាស Airpods នោះមួយចំហៀងមកបៀម ចៃដន្យក៏បានស្លាកធ្លាក់ចូលក្នុងពោះតែម្តង។ បច្ចុប្បន្ន កាស Airpods នោះត្រូវបានក្រុមគ្រូពេទ្យយកចេញពីពោះក្មេងប្រុសនោះបានហើយ។
។ គួរបញ្ជាក់ថាករណីលេប AirPods ចូលក្នុងពោះរបស់កូនប្រុសអ្នកស្រី Stroud នេះមិនមែនជារឿងទី១ឡើយ ដោយកាលពីខែឧសភាកន្លងមកបុរសជនជាតិតៃវ៉ាន់ម្នាក់ក៏បានលេបវាចូលទៅក្នុងពោះ ដោយចៃដន្យដូចគ្នានេះដែរហើយបន្ទាប់មកត្រូវបានគ្រូពេទ្យយកចេញមកវិញបានហើយមិនត្រឹមតែប៉ុណ្ណោះវានៅដំណើរការធម្មតាទៀតផង៕
អត្ថបទ៖ ស៊ុនលី
