ឧកញ៉ា គួច ម៉េងលី ចូលរួមឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារដល់ជនរងគ្រោះពីការបាក់រលំអគារនៅខេត្តកែប
ដើម្បីចូលរួមរំលែកទុក្ខលំបាកដល់ក្រុមគ្រួសារជនរងគ្រោះពីការបាក់រលំអគារនៅខេត្តកែប លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងនាមជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ បានចូលរួមឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិកតាមរយៈរាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីលើការជួយឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តំណាងឱ្យបុគ្គលិកលោកគ្រូអ្នកគ្រូនិងសិស្សនុសិស្សទាំងអស់ក៏សូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់នៅក្នុងហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះផងដែរ។ អគារកំពុងសាងសង់កម្ពស់៧ជាន់មានទីតាំងស្ថិតនៅក្នុងក្រុងកែប ស្រាប់តែរលំបាក់ស្រុតដល់ដីនៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ម្សិលមិញ។ គិតមកដល់ម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ យ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់បានបាត់បង់ជីវិត ខណៈ២៧នាក់ទៀតត្រូវបានសង្គ្រោះចេញពីគំនរបែកបាក់នោះ។
ការអន្តរាគមន៍ជួយសង្គ្រោះនេះក៏ត្រូវបានដឹកនាំដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីពាក់ព័ន្ធផងដែរ។ សូមជម្រាបថា លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏ធ្លាប់បានឧបត្ថម្ភថវិកា១ម៉ឺនដុល្លារដូចគ្នាដល់ជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តព្រះសីហនុកាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅផងដែរ៕





