ប្រហែសតែបន្តិច បាត់ម៉ូតូអស់មួយគ្រឿង
រាជធានីភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទាក់ទងនឹង ករណីគាស់សោរទ្វារផ្ទះចូលលួចយកម៉ូតូប្រជាពលរដ្ឋ។ ករណីនេះកើតហេតុនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៣ម៉៤១នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ បូ ដារ៉ូ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ ទូច ទី ភេទ ស្រី អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៨៩អឺ១,២ ផ្លូវបេតុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ។ សម្ភារៈបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ស សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FP 5621 ។
មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូតូមួយគ្រឿងម៉ាក ស្តុបពី ពណ៌ ស សេរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១FP-៥៦២១ មកទុកនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ ៣៧១ ភូមិ ព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ដោយបានដោតសោរម៉ូតូនៅជាប់នឹងកុងតាក់ម៉ូតូ រួចបានចាក់សោរទ្វារផ្ទះខាងលើហើយទៅសម្រាកនៅផ្ទះមួយផ្សេងទៀតនៅជិតកន្លែងកើតហេតុ ពេលសម្រាកបានមួយសន្ទុះជនរងគ្រោះបានបើកមើលកាមេរ៉ាសុវត្ថិភាពតាមទូរស័ព្ទដៃស្រាប់តែបាត់ម៉ូតូរបស់ខ្លួន ពេលនោះជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្តង ភ្លាមៗនោះសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុខាងលើឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូម៉ាកស្តុបពីនោះរួចជិះគេចខ្លួនបាត់ទៅ លុះមកដល់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង២១ម៉៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចផ្លូវលំ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ យកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើ តែម្តង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

