វរសិល្បករព្រឹទ្ធចារ្យ ប៊ីវ ឆៃលាង មានស្នាដៃដឹកនាំរឿងខ្មែរល្បីៗដូចជារឿង កាកី និងព្រះមហាមោគ្គលាន ជាដើម លោកបានទទួលមរណភាពក្នុងជន្មាយុ ៩៣ឆ្នាំ នៅប្រទេសបារាំង
ប៉ារីស៖ ជារឿងគួរឲ្យសោកស្តាយដោយវរសិល្បករព្រឹទ្ធចារ្យ ប៊ីវ ឆៃលាង ជាអ្នកនិពន្ធដ៏ល្បីល្បាញ មានស្នាដៃដឹកនាំរឿងខ្មែរល្បីៗជាច្រើន បានទទួលមរណភាពនៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១និង៥៥នាទី រំលងអាធ្រាត នាគេហដ្ឋានរបស់លោក ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។ លោកកើតនៅថ្ងៃ៤ ខែតុលា ឆ្នាំ១៩៣០ ក្នុងភូមិជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

យោងតាមប្រភពពី “ក្រុមព្រះសុរិយា” វរសិល្បករព្រឹទ្ធចារ្យ ប៊ីវ ឆៃលាង មិនត្រឹមតែជាកវីកំពូលមួយរូបនោះទេ លោកក៏ជាផលិតករភាពយន្តដ៏ឆ្នើមមួយរូបផងដែរ ស្នាដៃភាពយន្តជាច្រើនរបស់លោកសុទ្ធសឹងតែមានឈ្មោះល្បីល្បាញពេញប្រទេសកម្ពុជានិងនៅបរទេស ហើយខ្សែភាពយន្តទាំងនោះមានដូចជា រឿង កងកម្មកងកែវ, កាកី, នាងសក់ក្រអូប, ព្រះនាងពិម្ពាសរជាតិ,ទាវឯក, ការកេត, កាលណាផ្ការីក, ព្រះមហាមោគ្គលាន ជាដើម។ មរណភាពរបស់វរសិល្បករព្រឹទ្ធចារ្យ ប៊ីវ ឆៃលាងជាការបាត់បង់នូវព្រឹទ្ធចារ្យរៀមច្បងដែលមានស្នាដៃកំពូលមួយរូបក្នុងវិស័យអក្សរសាស្រ្ត និងភាពយន្តខ្មែរ។

