សាហាវមែន! បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងហាងស៊ុបមួយកន្លែងក្នុងខណ្ឌដូនពេញ
រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងសាហាវនៅតុអង្គុយញ៉ាំអី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែមករាឆ្នាំ ២០២០ ស្ថិតនៅក្នុងហាងយីហោ “ហេបភីណេស” ស៊ុបនិងខារ៉ាអូខេគ្រួសារ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ៦៣ ក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយត្រូវបានខ្មាន់កាំភ្លើងបាញ់មួយគ្រាប់ចំសៀតថ្កាស្លាប់ភ្លាមៗតែម្តង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានបុរសគ្នា៤នាក់បានចូលមកក្នុងហាងកើតហេតុខាងលើ បន្ទាប់មកធ្វើការកម្មង់ម្ហូប ស្រាប់តែមិនទាន់បានកម្មង់ផងក៏មានបុរសម្នាក់ក្នុងចំណោម៤នាក់ ដែលជាខ្មាន់កាំភ្លើងបានងើបឈរ រួចដកកាំភ្លើងបាញ់មកលើជងរងគ្រោះចំសៀតថ្កាមួយគ្រាប់ បន្ទាប់ទម្លាក់កាំភ្លើងចោលរួចបុរសទាំង៣នាក់នោះក៏បានគេចខ្លួនឡើងជិះឡានចេញទៅបាត់តែម្តង។ ក្រោយកើតហេតុប្រជាពលរដ្ឋនៅម្តុំនោះបានរាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីមកធ្វើការពិនិត្យកោសលវិច្ចិយនៅកន្លែងកើតហេតុ និងកំណត់មុខសញ្ញាជនដៃដល់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
រូបភាព៖ ពីលោក ប៉ូចគឹមសុខ

