សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីនគរបាលស្រុកដងទង់ម្នាក់ ពីបទឆបោកលុយជិត១ម៉ឺនដុល្លារ ដោយថា ធានាជួយរត់ការចូលធ្វើមន្ត្រីនគរបាលជាតិ
ខេត្តកំពត៖ សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីនគរបាលស្រុកដងម្នាក់ កាលពីពេលថ្មីនេះ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ពីបទឆបោក លុយ៨៥០០$ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ រហូតបច្ចុប្បន្ន (ដោយភូតកុហកថា៖ ធានាជួយឲ្យចូលបម្រើក្របខណ្ឌមន្ត្រីនគរបាលជាតិ) ប្រព្រឹត្តនៅភូមិព្រៃសំណាងក្រោម ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត។ មន្ត្រីនគរបាលស្រុកដងទង់បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ហ៊ឹម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្នភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត មុខរបរមន្ត្រីនគរបាល ឋានន្តរស័ក្គិ អនុសេនីយ៍ទោ ឋានៈអនុប្រធានផ្នែកសន្តិសុខ នៃកម្លាំងអធិការដ្ឋាននគរបាលស្រុកដងទង់ ។

គួររំលឹកផងដែរថា៖ ជននេះមានដីកាបង្គាប់ឱ្យនាំខ្លួនលេខ៨២ ចុះថ្ងៃទី៣ ខែកក្កដា ២០១៩ របស់ចៅក្រមស៊ើបសួរ អាំង សុភា នៃតុលាការកំពត ពីបទប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់ ប្រព្រឹត្តនៅក្នុង ភូមិស្រូវលើ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី៩ មិថុនា ២០១៩ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជួនមកកាន់តុលាការកំពតចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ