រថយន្ត

Ford Ranger Raptor 2020 បានមកដល់កម្ពុជាជាផ្លូវការ ជាមួយនឹងបច្ចេកវិទ្យាដែលនឹកស្មានមិនដល់

BY
Khmernote Media
January 10, 2020

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger Raptor ស៊េរីថ្មី 2020 ដែលមានទីតាំងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី – អ៊ីអន 2) កាលពីថ្ងៃទី 09 ខែមករា ឆ្នាំ 2020 ។ Ford Ranger Raptor បានបង្កើតឡើងដោយមានរួមបញ្ចូលជាមួយនឹង DNA របស់ Ford Performance រួមជាមួយនឹងការច្នៃប្រឌិតថ្មី និងមានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ធ្វើឲ្យបទពិសោធន៍បើកបររបស់អ្នកកាន់តែមានភាពអស្ចារ្យ មិនតែប៉ុណ្ណោះរថយន្តនេះនឹងក្លាយជាគូប្រកួតប្រជែងឈានមុខគេក្នុងទីផ្សាររថយន្ត Pickup ផងដែរ។

រថយន្តនេះត្រូវ បានផលិតឡើង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ដោយក្រុមវិស្វករ Ford Performance Team ដើម្បីបង្កើតនូវរថយន្តមួយដែលអាចជំនះគ្រប់ឧបសគ្គ កាន់តែពិសេស សម្រាប់អតិថិជន ដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road។

លោក Michael Breen នាយកគ្រប់គ្រងក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានមានប្រសាសន៍ថា៖ “ការរបង្កើតឡើង និងការរចនារូបរាងរបស់ Ranger Raptor បានធ្វើឡើងនៅទ្វីបអាស៊ីដោយអ្នករចនារថយន្ត Ford និងវិស្វករក្រុមហ៊ុន Ford ដែលមានជំនាញច្បាស់លាស់។ ពួកគេបានសហការជាមួយនឹងក្រុមវិស្វករ Ford Performance Team ដើម្បីបង្កើតរថយន្តនេះឡើង។ ការសហការមួយនេះហើយដែលនាំឲ្យមានការលេចរូបរាងឡើងរបស់ Ford Ranger Raptor នៅទ្វីបអាស៊ី។ វាជាជម្រើសដ៏ត្រឹមត្រូវ ដែលក្រុមវិស្វករជំនាញរបស់ Ford បានសម្រេចយក Ford Ranger ជាគោលក្នុងការផលិតរថយន្ត Ford Ranger Raptor ព្រោះ Ford Ranger មិនត្រឹមតែជារថយន្តដែលមានប្រជាប្រិយភាពនៅក្នុងតំបន់នេះប៉ុណ្ណោះទេ តែអ្នកដែលធ្លាប់ប្រើប្រាស់រថយន្តនេះតែងតែសរសើរមិនដាច់ពីមាត់ពីសមត្ថភាពរបស់រថយន្ត Pickup មួយនេះ។ ដោយសារបែបនេះហើយទើបក្រុមវិស្វករជំនាញរបស់ Ford ខិតខំប្រឹងប្រែងបង្កើតឡើងនូវកំពូលរថយន្ត Pickup Ford Ranger Raptor ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែលតែងតែគាំទ្ររថយន្ត Pickup របស់ Ford។ ពួកគេមានជំនឿចិត្តថានៅពេលដែលអ្នកបានឃើញរថយន្តនេះហើយ គឺហាក់បីដូចជាបានជួបនឹងកំពូលរថយន្ត Pickup បែប Off-road Performance ក្នុងក្ដីស្រមៃរបស់អ្នក។”

Ford Ranger Raptor ក៏ដូចគ្នាទៅនឹង Ford F-150 ដែរ វាត្រូវបានរចនាដោយផ្អែកទៅលើ DNA របស់ Ford Performace។ ផ្នែកខាងមុខរថយន្តមានរូបរាងស្រដៀងទៅនឹងរថយន្ត Ford F-150 តែម្ដង ដោយប៉ាណា ខាងមុខបានបំពាក់ដោយអក្សរ Ford ធំៗមើលទៅមានលក្ខណៈកាចជាង Ford Ranger ធម្មតា។ កាងខាងមុខត្រូវបានរចនាថ្មី រឹងមាំ ធន់នឹងការប៉ះទង្គិច ល្អបំផុតសម្រាប់ការ បើកបរលើផ្លូវលំបាក។ចំណែកផ្នែកខាងក្នុងបានបំពាក់ទៅដោយពូកស្បែកមានគុណភាពខ្ពស់ធន់នឹងការប្រើប្រាស់ពេលបើកបរ Off-road ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ កៅអីនីមួយៗបានរចនាដោយ ផ្ដល់ទាំងសុវត្ថិភាព និងផាសុកភាពដល់អ្នកបើកបរ។

Ford Ranger Raptor បានបំពាក់ជាមួយនឹងម៉ាស៊ីនជំនាន់ថ្មី Bi-Turbo ទំហំ 2.0L កម្លាំងខ្លាំង និងសន្សំសំចៃប្រេង ដែលមានកម្លាំងសេស 213PS កម្លាំង Torque 500Nm និងប្រើប្រអប់លេខថ្មី 10 លេខ ជំនួយដល់ការដាក់លេខមានភាពរលូន និងងាយស្រួល។

ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹង បូមដែលបានបំពាក់នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំងមិនថាអ្នកបើកបរលើផ្លូវរលាក់ក្នុងល្បឿនលឿន ក៏ដោយ ដោយសារវាមានបំពាក់ទាំងផ្នែកខាងមុខ និងខាងក្រោយរបស់រថយន្ត។

មិនតែប៉ុណ្ណោះ មិនថាក្រោមស្ថានភាពផ្លូវលំបាកយ៉ាងណានោះទេ ក៏ Ford Ranger Raptor មិនរុញរានោះដែរ ព្រោះរថយន្តនេះមានបំពាក់ជាមួយនឹងប្រអប់លេខថ្មី 10 លេខ និងប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ (Terrain Management System with Baja Mode) ទាំងផ្លូវធម្មតា និង ផ្លូវលំបាក រួមមានដូចជា ស្ថានភាពផ្លូវធម្មតា (Normal mode) ផ្ដល់ផាសុកភាពមិនស៊ីប្រេងងាយស្រួលក្នុងការបើកបរ, ការបើកបរបែបស្ព័រ (sport mode) ផ្ដល់នូវសន្ទុះខ្លាំងសក្ដិសមសម្រាប់អ្នកដែលចូលចិត្តបើកបរល្បឿនលឿន, ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode) ជួយឲ្យរថយន្តមានលំនឹង និងមិនរអិលពេលបើកបរលើផ្លូវដែលងាយនឹងរអិល, ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode) សម្រួលការបើកបរជៀសវាងការផុង កង់ពេល បើកបរលើភក់ ឬខ្សាច់, ផ្លូវថ្ម (Rock mode) សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម និងBaja Mode ជួយទប់លំនឹងរថយន្តពេលបើកបរក្នុងល្បឿនលឿននៅលើផ្លូវ Off-road ហើយអ្នកក៏មិនបាច់បារម្មណ៍ដែរនៅពេលបើកបរលើផ្លូវ ដែលមានទឹកលិច ព្រោះ Ford Ranger Raptor អាចចុះទឹកបានដល់ទៅ 850 mm ឯណោះ។

លើសពីនេះទៅទៀត ក្នុងនោះក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ 3 ជម្រើសឲអ្នកជ្រើសរើស 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច, 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road និង 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំងជួយទប់លំនឹងកង់ពេលបើកបរនៅលើផ្លូវដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន។

ក្រៅពីនេះ Ford Ranger Raptor ក៏មានបំពាក់បច្ចេកវិទ្យាផ្សេងៗដូចជា ប្រព័ន្ធ បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រសោរ (Smart Key) បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា កាមេរ៉ាក្រោយជំនួយចូលចត ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត (Hill Launch Assist) ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control) ប្រព័ន្ធទប់លំនឹងរថយន្តមិនឲ្យរេពេលដឹក និងសណ្ដោងធ្ងន់ៗ (Load Adpaptive Control & Trailer Sway Control) ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System) និងប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌាសម្រេចចិត្តនាំចូលនូវប្រភេទរថយន្ត Pickup មួយនេះមកកាន់ទីផ្សារកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យប្រើប្រាស់រថយន្តថ្មីផងដែរ។ ម៉្យាងទៀត យើងសង្កេតឃើញថា បច្ចុប្បន្ននេះរថយន្តប្រភេទ Pickup ក៏ទទួលបានការពេញនិយមសម្រាប់អ្នកមានគ្រួសារ និងសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ដោយសាររថយន្តប្រភេទនេះអាចប្រើប្រាស់បាន គ្រប់កាលៈទេសៈ គ្រប់ស្ថានភាពផ្លូវ មិនថាសម្រាប់ធ្វើការ ឬដំណើរកម្សាន្តនោះទេ។”

Ford Ranger Raptor ក៏មានផ្ដល់ជម្រើសនៃព៌ណជាច្រើនឲ្យជ្រើសរើសរួមមានដូចជា ព៌ណស ក្រហម ខៀវ ប្រផេះ និងខ្មៅផងដែរ។

Share This Post: