តោះមកស្គាល់ពីបក្សីទាំង ៥ ដែលហោះហើរបានលឿនជាងគេបំផុតក្នុងលោក!
ខាងក្រោមនេះគឺជាកំពូលបក្សីទាំង ៥ ដែលអាចធ្វើដំណើរក្នុងល្បឿនលឿនជាងគេបំផុតក្នុងចំណោមសត្វបក្សីទាំងអស់ដែលមានវត្តមាននៅលើពិភពលោកយើងនេះ។

៥. Eurasian Hobby ជាសមាជិកនៃអម្បូរស្ទាំងដែលមានខ្លួនតូចច្រឡឹងមួយប្រភេទដែលត្រូវបានគេប្រទះឃើញនៅតំបន់ព្រៃច្រូងច្រាង និងនៅតាមច្រាំងទន្លេនានាពាសពេញទ្វីបអាហ្វ្រិក អឺរ៉ុប និងអាស៊ី ជាពិសេសវាអាចហោះហើរបានរយៈចម្ងាយជាអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ស្មើនឹង ១០០ម៉ៃល៍ក្នុងមួយម៉ោង។


៤. White Throated Needletail ជាបក្សីមួយប្រភេទដែលចូលចិត្តតាំងទីជម្រកនៅតំបន់កូនភ្នំតូចៗដែលគ្របដណ្តប់ទៅដោយផ្ទាំងសិលាធំៗមានទីតាំងស្ថិតនៅក្នុងដែនដីស៊ីបេរី និងទ្វីបអាស៊ី។ បក្សីប្រភេទនេះត្រូវបានគេស្គាល់ថាមានឆ្អឹងកងនៅត្រង់កន្ទុយ ដែលជាកត្តាជួយឱ្យសមត្ថភាពនៃការហោះហើររបស់ពួកវាកាន់តែប្រសើរជាងបក្សីដទៃទៀត។ ពួកវាអាចហោះបានក្នុងរយៈចម្ងាយអតិបរមា ១៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ស្មើនឹង ១០៥ម៉ៃល៍ក្នុងមួយម៉ោងដោយមិនសម្រាក។

៣. Gyrfalcon ជាពូជសត្វស្ទាំងដែលមានរូបរាងធំជាងគេបង្អស់នៅលើពិភពលោក។ ពួកវាមានសមត្ថភាពហោះបោះពួយបានយ៉ាងលឿនជាមួយនឹងស្លាបវែងស្រួចទាំងគូរបស់វា និងមានទំហំដងខ្លួនប្រវែងចន្លោះពី ២០-២២អ៊ីញ ជាមួយនឹងទម្ងន់ប្រមាណជា ១,៣គីឡូក្រាម។ បើនិយាយពីសមត្ថភាពនៃការហោះហើរវិញគឺពិតជាមិនធម្មតា ជាពិសេសវាកាន់តែលឿនខណ:ហោះបោះពួយសំយុងចុះមកក្រោមក្នុងគោលបំណងចាប់សត្វដែលជាចំណីរបស់វា ដែលជាអតិបរមាល្បឿនកើនឡើងដល់ ១៧៨គីឡូម៉ែត្រក្នុងមួយម៉ោង ដែលស្មើនឹង ១៣០ម៉ៃល៍ក្នុងមួយម៉ោងឯណោះ។


២. Golden Eagle គឺជាសត្វឥន្ទ្រីយ៍ដ៏ធំសម្បើមមួយប្រភេទរស់នៅក្នុងទ្វីបអាមេរិកខាងជើង។ ចំពោះឥន្ទ្រីយ៍ដ៏មានឥទ្ធិពលប្រភេទនេះមានទំហំខ្លួនប្រមាណចន្លោះពី ២៦-៤០អ៊ីញ និងមានទម្ងន់រហូតដល់ទៅ ៧គីឡូក្រាម។ ពួកវាមានប្រវែងស្លាបត្រដាងនីមួយៗប្រវែង ២,៣ម៉ែត្រ។ ក្នុងអំឡុងពេលដែលវាបោះពួយសំយ៉ុងខ្លួនចុះមកក្រោមសំដៅមកគោលដៅចំណីរបស់វានោះ សត្វឥន្ទ្រីយ៍ប្រភេទនេះអាចប្រើល្បឿនដល់ទៅ ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលស្មើនឹង ២០០ម៉ៃល៍ក្នុងមួយម៉ោង។


១. Peregrine Falcon ជាពូជសត្វស្ទាំងមួយប្រភេទដែលអាចធ្វើការហោះហើរក្នុងល្បឿន ២៦០គីឡូម៉ែត្រក្នុងមួយម៉ោង ស្មើនឹង ២៤២ម៉ៃល៍ក្នុងមួយម៉ោង ដែលនេះចាត់ទុកថាជាល្បឿនដ៏លឿនជាងគេបំផុតក្នុងលោក។ ពួកវាត្រូវបានគេប្រទះឃើញមានវត្តមាននៅតាមបណ្តាទ្វីបនានា លើកលែងតែទ្វីបអង់តាកទិកប៉ុណ្ណោះ៕


ប្រភព៖ themysteriousworld