ស្លាប់ទាំងព្រលឹម នៅក្រុងតាខ្មៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍
ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្តធុនធំបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ០៥ និង ៣០ នាទីព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ស្ថិតចំណុចខាងមុខសាលាសង្កាត់ព្រែកហូរ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ២។
ជនរងគ្រោះមានឈ្មោះ កែវ រតនា ភេទ ប្រុសអាយុ ២៥ ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ម៉ាក SUZUKI VIVA 110 ពណ៌ ខ្មៅ គ្មានស្លាកលេខ (មិនពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ)។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូសណ្តោងរ៉ឺម៉កបើកក្នុងទិសដៅពីត្បូងទៅជេីង មកដល់ចំណុចកេីតហេតុខាងលេីបានបុកជាមួយរថយន្តម៉ាក STERLING ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 3C-0812 អ្នកបើករថយន្ត (មិនទាន់ស្គាល់អត្តសញ្ញាណ) បេីករថយន្តក្នុងទិសដៅពីជេីងមកត្បូង បណ្តាលឱ្យអ្នកបេីកម៉ូតូសណ្តោងរ៉ឺម៉កស្លាប់នៅកន្លែងកេីតហេតុតែម្តង។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកសពយកទៅប្រគល់ជូនសាច់ញាតិ ដេីម្បីធ្វេីបុណ្យតាមប្រៃណី ហើយមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕



