មិនបាច់បារម្ភទេ! ក្រសួងបរិស្ថានប្រកាសថា គុណភាពខ្យល់នៅកម្ពុជាមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពនោះទេ
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែកម្រិតខ្យល់ពុលដែលបង្ហាញនៅក្នុងកម្មវិធី AirVisual បានបង្ហាញពីកម្រិតពណ៌ក្រហមនៅក្នុងទីក្រុងភ្នំពេញរបស់យើង ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ។ ជុំវិញបញ្ហានេះផងដែរ ក្រសួងបរិស្ថានបានប្រកាសជូនដំណឹងដល់សាធារណជនថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា នៅមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ។ មន្ត្រីជំនាញនៃក្រសួងបរិស្ថានបាននិងកំពុងបន្តតាមដានលើគុណភាពខ្យល់បន្ថែមទៀត។ ការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។

ក្រសួងបរិស្ថាននឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានជ្រាបអំពីការវិវឌ្ឍថ្មីៗជុំវិញស្ថានភាពគុណភាពខ្យល់នៅប្រទេសកម្ពុជា។ ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជាដែលមិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការ៕