ស្វែងយល់ការពិតអំពីបរិមាណ ‘ទឹក’ ដែលកើតមាននៅលើភពផែនដី!
ផែនដីមានលក្ខណ:ពិសេសខ្លាំងណាស់ ដោយសារតែវាមានបរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់។ ទឹកទាំងនោះមានវត្តមាននៅក្រោមដី ក្នុងមហាសមុទ្រធំៗ ក្នុងបរិយាកាសដែលយើងកំពុងរស់នៅ និងថែមទាំងមាននៅក្នុងសារពាង្គកាយរបស់ភាវរស់ទាំងឡាយផងដែរ។ ជាក់ស្តែង រាងកាយរបស់មនុស្ស ភាគច្រើនកើតឡើងពីសមាសធាតុរបស់ទឹក។

ទឹកគ្របដណ្តប់ប្រមាណជា ៧១% នៃផ្ទៃផែនដីទាំងមូល ហើយដែល ៩៦,៥% គឺជាទឹកប្រៃ។ ទឹកប្រៃផ្ទុកទៅដោយប្រភេទសារធាតុអំបិលផ្សេងៗពីគ្នា ប៉ុន្តែទោះជាយ៉ាងណា ភាគច្រើនគឺមានសមាសធាតុសូដ្យូមក្លរីដ (NaCl) ជាប្រភេទអំបិលដែលយើងរាល់គ្នាយកមកធ្វើជាគ្រឿងផ្សំជាមួយអាហារផ្សេងៗ។
វាស្ទើរតែមិនគួរឱ្យជឿសោះថា បរិមាណទឹកសាបនៅលើផែនដីយើងនេះមានត្រឹមតែ ៣,៥% ប៉ុណ្ណោះ ដែលយើងអាចទទួលទានបាន។ ហើយ ៦៨% នៃទឹកសាបទាំងអស់ត្រូវហ៊ុមព័ទ្ធទៅដោយវាលទឹកកក និងផ្ទាំងទឹកកកធំៗ។

បរិមាណ ១/៣ នៃទឹកសាបសរុប មានវត្តមាននៅក្នុងដី ដែលគេនិយមហៅថា ‘ប្រភពទឹកក្រោមដី’។ រីឯ ២/៣ ផ្សេងទៀតគឺមាននៅតាមទន្លេ បឹងបួរ ព្រែក និងស្ទឹងនានា ជាដើម។

វត្តមានរបស់ទឹកក៏ត្រូវបានគេប្រទះឃើញមានចំនួនតិចតួចផងដែរនៅក្នុងបរិយាកាស គឺដោយសារតែរំហួតពីប្រភពទឹកផ្សេងៗនៅគ្រប់ទីកន្លែងលើផ្ទៃផែនដី។ ទាំងនេះហើយដែលជាហេតុដែលបង្កឱ្យកើតមាននូវដុំពពកអណ្តែតនៅលើលំហអាកាស។

ប្រសិនបើអ្នកប្រមូលយកទឹកទាំងអស់ដែលមាននៅលើផែនដី រួចដាក់វាបញ្ចូលគ្នាតែមួយនោះ វានឹងអាចទៅជាបាល់មួយដែលមានទំហំមហិមាមិនគួរឱ្យជឿរហូតដល់ទៅ ៨៦០ម៉ៃល៍ ដែលស្មើនឹងប្រមាណជាជាង ១,០០០គីម៉ែត្រ ឯណោះ៕
ប្រភព៖ spaceplace