ព័ត៌មានជាតិ

នារីបរទេសម្នាក់ អរគុណ និងកោតសរសើរថា ប្រជាជនកម្ពុជាពិតជាអស្ចារ្យណាស់ ក្រោយជួបហេតុការណ៍បែបនេះនៅភ្នំពេញ

BY
Khmernote Media
January 20, 2020

កាលពីពេលថ្មីៗនេះមានករណីចោរឆក់ទូរស័ព្ទដៃពីជនបរទេសតែពុំបានសម្រេច ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៦៣ កែង២៧៦ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ Peter Csilla Hajnalka ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិ ហង់គ្រី កាន់លិខិតឆ្លងដែនលេខ BH6380972 មុខរបរមេការភោជនីយដ្ឋាន បានមកកម្សាន្តនៅក្រុងភ្នំពេញ ក៏ត្រូវចោរឆក់ទូរស័ព្ទដៃម៉ាកសាំសុងកាឡាក់សុីអេ៦ ពណ៌ខ្មៅ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុជួយដេញ និងចាប់ចោរបានប្រគល់ជូនសមត្ថកិច្ច។ ជនសង្ស័យមានឈ្មោះ ជន ម៉េងហាក់ ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។

កញ្ញា Peter Csilla បានសរសេររៀបរាប់ និងអរគុណដល់ប្រជាជនកម្ពុជាយ៉ាងដូច្នេះថា៖ “បុរសម្នាក់បានព្យាយាមលួចទូរស័ព្ទរបស់ខ្ញុំបន្ទាប់ពីដើរតាមអស់រយៈពេលប្រហែលជា ២០នាទីនៅតាមផ្លូវ។ ពេលចោរឆក់ទូរស័ព្ទ ខ្ញុំស្រែកហើយរត់តាម ហើយខ្ញុំពិតជាមានសំណាងណាស់ ដោយរ៉ឺម៉កកង់បីនិងម៉ូតូ ដេញតាមចោរភ្លាមៗមិនចាំបាច់សុំជំនួយអ្វីទាំងអស់។ នៅពេលដែលខ្ញុំទៅដល់ផ្លូវបំបែកបន្ទាប់ អ្នកស្រុកក៏យកបានទូរស័ព្ទខ្ញុំត្រឡប់មកវិញ។

រឿងទាំងអស់នេះបានកើតឡើងនៅចំមុខប៉ុស្តិ៍ប៉ូលីសដូច្នេះ ខ្ញុំអាចរាយការណ៍ពីករណីនេះបានយ៉ាងងាយស្រួល ប្រជាជននៅតាមផ្លូវបានរុញច្រានទាត់ចោរចូលក្នុងប៉ុស្តិ៍ប៉ូលីស។ ដូចដែលពួកគេបាននិយាយថាចោរមានសំណាងដែលនៅជិតប៉ូលិស ព្រោះការដាក់ទណ្ឌកម្មពីប្រជាពលរដ្ឋវាយ៉ាប់ជាងនៅតុលាការទៅទៀត។ រូបថតបន្ទាប់ពីធ្វើក្រដាសស្នាម ហើយខ្ញុំក៏បានទទួលទូរស័ព្ទជាផ្លូវការ។ សូមអរគុណច្រើនចំពោះជំនួយទាំងអស់ ប្រជាជនកម្ពុជាពិតជាអស្ចារ្យ”៕

Share This Post: