ព័ត៌មានជាតិ

ចាប់ពីពេលនេះទៅ ឆ្នេរសមុទ្រ២នេះ នឹងត្រូវបានរៀបចំជាឆ្នេរសមុទ្រសាធារណៈ ដើម្បីឲ្យភ្ញៀវទេសចរមកលេងដោយសេរី និងឥតបង់ថ្លៃអ្វីឡើយ

BY
Khmernote Media
January 21, 2020

ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន បានឲ្យដឹងថា៖ ចាប់ពីម៉ោងនេះតទៅ ឆ្នេរអូរឈើទាល២ ” អតីតឆ្នេរអារីស្តុន ” និងឆ្នេរអូរត្រេះ នឹងត្រូវបានរៀបចំជាឆ្នេរសមុទ្រសាធារណៈ និងជាសម្បត្តិរួម របស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរ ជាតិ និងអន្តរជាតិអាចមកកំសាន្តដោយសេរី ឥតមានការបង់ថ្លៃអ្វីឡើយ។ ឆ្នេរស្អាត អនាម័យបរិស្ថានល្អ មានផាសុកភាព។

កន្លងមករដ្ឋបាលខេត្ត បានចេញ លិខិតជូនដំណឹងលេខ៤៧៣/១៩ សជណ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងលក់ដូរ និងអាស្រ័យផល នៅលើឆ្នេរអូរឈើទាល “​អតីតឆ្នេរអារីស្តុន​ “​ និងឆ្នេរអូរត្រេះ មានទីតាំងស្ថិតនៅភូមិ៤ និងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានបានសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុរួចមក បងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរនៅនៅលើឆ្នេរអូរឈើទាល “​ អតីតឆ្នេរអារីស្តុន​ “​ បានចូលរួមសហការជាមួយអាជ្ញាធរ ដោយបានធ្វើការរុះរើតូប និងស្តង់លក់ដូរ របស់ខ្លួនសរុបទាំងអស់ មានចំនួន ១២៦តូប បានរៀបរយជាស្ថាពរព្រមទាំងបានចូលរួមធ្វើការសម្អាតឆ្នេរខ្សាច់វិលមករកសភាពស្រស់ស្អាតឡើងវិញ។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរនៅលើឆ្នេរអូរត្រេះ”​ អូរត្រេះ១ មានចំនួន ១០៨តូបស្តង់ និងអូរត្រេះ២ មានចំនួន ៤៨តូបស្តង់” បានរុះរើរួចរាល់ជាស្ថាពរ។

រដ្ឋបាលខេត្តព្រះសីហនុ​ សូមកោត​សរសេីរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់បងប្អូនប្រជាពលរដ្ឋ​ ដែលមានការយល់ដឹងអំពី​ប្រយោជន៍​សាធារណៈ​ និងបានចូលរួមសហការក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អ សោភ័ណភាពឆ្នេររបស់យើងឡើងវិញ។

សូមបញ្ជាក់ផងដែរថា សំណង់តូបស្តង់របស់បងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់នៅលើឆ្នេរអូរត្រេះភាគច្រើនជាសំណង់រឹងមាំ ដែលបានចាក់សាប បេតុងនៅលើឆ្នេរខ្សាច់ដោយផ្ទាល់ និងមានមួយចំនួនសង់ជាប់មាត់ទឹកតែម្តង ក្នុងនោះផងដែរ​ បន្ទាប់ពីធ្វើការរុះរើតូបស្តង់ទាំងនោះរួច គឺយើងប្រទះឃើញនូវលូស្តុកលាមក និងសំណល់ផ្ទះបាយ ចំនួន១៣៦លូ ដែលបានបង្កប់ក្នុងឆ្នេរខ្សាច់ផងដែរ។

ជាចុង​ក្រោយរដ្ឋបាលខេត្តសូមបញ្ជាក់ថា ការរុះរើតូប​និងស្តង់លក់ដូរនៅលេីឆ្នេរអូរឈេីទាលពីរ​ និងឆ្នេរអូរត្រេះនេះគឺមិនមែនយកដីទៅឱ្យក្រុមហ៊ុន ឬអង្គភាព អាជីវកម្មឯកជន ណាមួយធ្វើការវិនិយោគនោះឡើយ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អ សោភ័ណភាពឆ្នេររបស់យើងឡើងវិញ ដោយរក្សាទុកជាឆ្នេរ សាធារណៈ និងជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ អាចមកកំសាន្តដោយសេរី ឥតមានបង់ថ្លៃអ្វីឡេីយ។ សូមបងប្អូនប្រជាពលរដ្ឋយើង មេត្តាចូលរួមសហការគាំទ្រ និងផ្តល់ជាកម្លាំងចិត្តដល់ក្រុមការងារ រដ្ឋបាលខេត្តព្រះសីហនុឱ្យដំណើរការរៀបចំនេះប្រព្រឹត្តទៅដោយជោគជ័យ៕

Share This Post: