ខ្មែរណូត

ស្វែងរក

  • ចំណេះដឹង

    រកឃើញមូលហេតុមួយផ្សេងទៀតដែលមិននឹកស្មានដល់ ក្នុងហេតុការណ៍លិចនាវាទេសចរណ៍ខ្នាតយក្ស Titanic

    BY Khmernote Media January 21, 2020
    រកឃើញមូលហេតុមួយផ្សេងទៀតដែលមិននឹកស្មានដល់ ក្នុងហេតុការណ៍លិចនាវាទេសចរណ៍ខ្នាតយក្ស Titanic

    នេះជារឿងអតីតកាលមួយដែលយើងគ្រប់គ្នាបានដឹងរួចមកហើយ។ តើអ្នកនៅចាំបានទេអំពីហេតុការណ៍ដ៏អាក្រក់បំផុតមួយដែលបានកើតឡើងនៅអំឡុងឆ្នាំ ១៩១២? ប្រាកដណាស់វាគឺជាគ្រោះមហន្តរាយរបស់នាវាទេសចរណ៍យក្សទីតានិក (Titanic) មួយគ្រឿងដែលបានជ្រុលចង្កូតទៅបុកទង្គិចជាមួយនឹងផ្ទាំងទឹកកកដ៏ធំមួយ និងបណ្តាលឱ្យរយះចេញជាពីរចំណែក រួចក៏បានលិចសន្សឹមៗចូលទៅក្នុងជម្រៅនៃបាតមហាសមុទ្រអាត្លង់ទិកប៉ែកខាងជើង ដោយនាំយកនូវ​ចំនួនអ្នកធ្វើដំណើរនៅលើនាវានោះប្រមាណជា ១,៥០០នាក់ ទៅជាមួយផងដែរ។

    ស្នាមឆ្នូតពណ៌ខ្មៅនៅក្នុងរង្វង់ក្រហមបង្ហាញពីទីតាំងដែលឆេះខ្លោច នៅមុនពេលដែលនាវាចេញដំណើរ

    តើអ្នកគិតដូចជាមនុស្សដទៃទៀតដែរឬទេ ដែលថានាវាដ៏អភ័ព្វមួយនោះពិតជារងគ្រោះដោយសារតែការប៉ះទង្គិចជាមួយនឹងផ្ទាំងទឹកកកតែម្យ៉ាងនោះ? ភ័ស្តុតាងដ៏ថ្មីស្រឡាងមួយពាក់ព័ន្ធនឹងសោកនាដកម្មជាប្រវត្តិសាស្ត្រដ៏ជូរចត់នេះ បានបង្វែរទិសដៅនៃផ្នត់គំនិតមនុស្សជាច្រើន ដោយសារតែវាជាហេតុផលសមស្របអាចទទួលយកបាន។ តើភ័ស្តុតាងថ្មីមួយនោះជាអ្វីឱ្យប្រាកដ?

    ហ្វូងមនុស្សកំពុងឈរត្រៀបត្រានៅលើកំពុងផែខណ:នាវា Titanic ត្រៀមចេញដំណើរពីទីក្រុង Southampton ប្រទេសអង់គ្លេស នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ១៩១២

    នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩១២ នាវា Titanic បានចាប់ផ្តើមចេញដំណើរពីទីក្រុង Southampton ប្រទេសអង់គ្លេស ដែលគ្រោងនឹងឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ក្នុងគោលបំណងឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក។ Titanic ត្រូវបានគេចាត់ទុកថាជានាវាដែលធំជាងគេបំផុតនាសម័យនោះ មិនត្រឹមតែប៉ុណ្ណោះមនុស្សមា្នមានជំនឿថាវាគ្មានផ្លូវនឹងអាចលិចបាននោះឡើយ។

    បន្ទប់ទទួលភ្ញៀវដែលរចនាឡើងយ៉ាងល្អប្រណិតសម្រាប់ភ្ញៀវអភិជនពិសេសៗ នៅលើនាវា

    ដូចពាក្យមួយឃ្លាពោលថា “មនុស្សគិត មិនដូចទេវតាគិត!” រយ:ពេល ៤ថ្ងៃ ក្រោយមក នៅវេលាម៉ោង ១១:៤០នាទីកណ្តាលអាធ្រាត្រ នាវាដ៏អស្ចារ្យដែលមនុស្សភាគច្រើនមានក្តីសង្ឃឹមថាវានឹងមិនអាចលិចបាននោះ បានជ្រុលចង្កូតទៅបុកជាមួយនឹងផ្ទាំងទឹកកកដ៏ធំមួយមានទីតាំងស្ថិតនៅភាគខាងត្បូងនៃតំបន់ Newfoundland ។ ក្រោយមក មិនបានបីម៉ោងផងនាវាយក្សកម្សត់ Titanic ក៏បានលិចសន្សឹមៗចុះទៅបាតសមុទ្របាត់ទៅ។ គួររំឭកឡើងវិញផងដែរថា អ្នកដំណើរប្រមាណជា ២,២២៤នាក់ និងសមាជិកនាវិកមួយចំនួនទៀត បានស្ថិតនៅក្នុងហេតុការណ៍នោះ ដែលជាចុងក្រោយមានមនុស្សប្រហែលជា ៧០០នាក់ ប៉ុណ្ណោះដែលត្រូវបានសង្គ្រោះឱ្យនៅរស់រានមានជីវិត។

    នេះជារូបថតដ៏កម្រមួយដែលបង្ហាញពីទិដ្ឋភាពសមុទ្រទឹកកក នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩១២ (ប៉ុន្មានថ្ងៃមុននាវាត្រូវបានលិច)

    បើទោះជារឿងរ៉ាវនៃសោកនាដកម្មលិចនាវាមួយនេះបានកន្លងហួសទៅមួយសតវត្សរ៍ហើយក៏ដោយ ប៉ុន្តែវាបានបន្សល់ទុកនូវមន្ទិលសង្ស័យសម្រាប់ក្រុមអ្នកកាសែតមួយចំនួនដែលមិនអស់ចិត្ត ហើយពួកគេនៅតែបន្តសិក្សាស្រាវជ្រាវជាដរាប។ ទីបំផុតការខិតខំប្រឹងប្រែងមិនបានទុកឱ្យមនុស្សអស់សង្ឃឹមឡើយ ហើយនៅឆ្នាំ២០១៧ ដោយប្រមូលបានឯកសារ និងរូបភាពមួយចំនួនស្តីពីហេតុការណ៍មុននិងក្រោយនៃការលិចនាវានោះ លោក Senan Molony ជាអ្នកកាសែតសញ្ជាតិអ៊ែកឡង់ម្នាក់ បានសរសេរឯកសារមួយច្បាប់ក្រោមចំណងជើងថា ‘Titanic: The New Evidence’ ជាភាសាខ្មែរមានន័យថា ‘ភស្តុតាងថ្មី’។ ចំណុចសំខាន់នៃអត្ថបទនោះមានខ្លឹមសារថា ‘ភ្លើង’ គឺជាបុព្វហេតុមួយក្នុងការរួមចំណែកធ្វើឱ្យនាវា Titanic ជួបគ្រោះអាក្រក់បែបនោះ។

    នេះជារូបភាពបង្ហាញពីផ្ទាំងទឹកកកយក្សមួយដែលត្រូវគេសង្ស័យថាជាមូលហេតុបង្កនៃការធ្វើឱ្យនាវាលិច

    គំនររូបថតចាស់ៗជាច្រើនសន្លឹកដែលត្រូវបានប្រមែប្រមូល និងរក្សាទុកដោយលោក Molony ជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា នាវា Titanic ត្រូវបានសាងសង់ឡើងនៅក្នុងទីក្រុង Belfast ប្រទេសអ៊ែកឡង់ មុនពេលដែលវាចេញដំណើរលើកទី១។ នៅក្នុងរូបភាពឯកសារនោះក៏បានបញ្ជាក់ថា នាវាយក្ស Titanic មានទំហំប៉ុនផ្នូរព្រះចៅអធិរាជ Tutankhamun របស់អេហ្ស៊ីប ផងដែរ។ នៅខណ:ពេលដែលកំពុងពិនិត្យឡើងវិញទៅលើរូបថតទាំងអស់នោះ លោក Molony បានកត់សម្គាល់ទៅលើចំណុចលម្អិតមួយដែលធ្វើឱ្យគាត់មានការភ្ញាក់ផ្អើលជាខ្លាំង ដោយនោះគឺជាស្នាមឆ្នូតពណ៌ខ្មៅ (ស្នាមកម្លោច) ដែលមានប្រវែងដល់ទៅ ៣០ហ្វីត នៅពីចំហៀងម្ខាងនៃនាវានោះ។ តើស្នាមឆ្នូតខ្មៅនោះគឺជាអ្វីឱ្យប្រាកដ?

    យោងតាមលទ្ធផលពីការវិភាគមួយដោយក្រុមវិស្វករជំនាញនៅឯមហាវិទ្យាល័យ Imperial College London បានបង្ហាញឱ្យដឹងថា មានអគ្គីភ័យមួយបានកំពុងឆាបឆេះនៅក្នុងបន្ទប់ស្តុកធ្យូងនៅក្នុងនាវា ដែលវាអាចជាមូលហេតុបង្កមួយដែរនៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នោះ។ កត្តាមួយនេះជាចំណុចខ្សោយដ៏សំខាន់មួយរបស់នាវា នៅមុនពេលដែលវាចេញដំណើរនៅលើមហាសាគរដំធំធេងមួយ។

    ទិដ្ឋភាពទូកសង្គ្រោះជីវិតចំនួន ០២គ្រឿង ដែលបានដឹកនាំអ្នកនៅមានជីវិតទៅកាន់តំបន់មានសុវត្ថិភាព នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២

    លោក Molony បានពន្យល់ថា វត្តមាននៃអគ្គីភ័យដែលបានកើតដឡើងនៅលើនាវានោះ ត្រូវបានគេដឹង និងចងក្រងជាឯកសារជាយូរណាស់មកហើយ ប៉ុន្តែខ្លឹមសារសំខាន់របស់វាត្រូវបានគេបំបិទមិនឱ្យដឹង។ គាត់ជឿជាក់ថា នាវា Titanic នៅតែបន្តចេញដំណើរទាំងដឹងថាមានអគ្គីភ័យបែបនោះកើតឡើងក៏ដោយ ហើយមនុស្សដែលដឹងអំពីហេតុការណ៍នេះ បានរក្សាវាទុកជាការសម្ងាត់ដើម្បីចៀសវាងនូវរឿងអាស្រូវជាសាធារណ: និងអាចកាត់បន្ថយសំណងផ្នែកហិរញ្ញវត្ថុផ្សេងៗ ជាដើម។

    លើសពីនេះលោក Molony ក៏មានជំនឿដែរថា ក្រុមនាវិកបានព្យាយាមដោះស្រាយ ដោយប្រមូលធ្យូងដែលកំពុងឆេះទាំងអស់នោះដាក់ចូលទៅក្នុងឡដុតកម្តៅយកចំហេះរបស់នាវា ដែលទង្វើនេះបានធ្វើឱ្យនាវាបង្កើនល្បឿនកាន់តែលឿនទៅមុខ។ នៅពេលដែលនាវាបានជ្រុងចង្កូតទៅបុកជាមួយនឹងផ្ទាំងទឹកកកនោះ វាក៏ទៅប៉ះទង្គិចត្រង់ចំហៀងដែលជាទីតាំងស្តុកធ្យូងឆេះ ហើយងាយនឹងប្រេះបែកនោះ ទើបបណ្តាលឱ្យនាវាលិចទៅបាតសមុទ្រក្នុងរយ:ពេលយ៉ាងឆាប់រហ័សបែបនេះ។

    អ្នកបើកនាវាពីរូបគឺលោក Edward J. Smith និងលោក Purser Hugh Walter McElroy នៅលើនាវា។ អ្នកទាំងពីរបានលិចបាត់ទៅជាមួយនឹងនាវា

    សហនាវិកម្នាក់ដែលមានវត្តមាននៅក្នុងនាវា Titanic នាខណ:នោះគឺលោក Charles Hendrickson បាននិយាយប្រាប់ដោយស្មោះត្រង់ថា ផ្នែកម្ខាងនៃនាវាបានខូចទ្រង់ទ្រាយដោយសារតែការរាលដាលនៃភ្លើងឆេះធ្យូងក្នុងកន្លែងស្តុក ហើយភ្លាមនោះដែរគាត់ក៏បានពន្លត់វា និងថែមទាំងបានយកប្រេងពណ៌ខ្មៅទៅលាបត្រដុសពីលើទៀតផង ក្នុងគោលបំណងដើម្បីលុបបំបាត់ស្នាមខ្លោចកុំឱ្យគេចាបប់អារម្មណ៍។

    ទោះជាយ៉ាងណាក្តី របកកំហើញមួយនេះគឺជាការបកស្រាយមួយដែលអាចជួយឱ្យមានការផ្លាស់ប្តូរនូវផ្នត់គំនិត និងចំណេះដឹងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានកើតឡើង ជាជាងការបំភ្លៃការពិត៕

    ប្រភព៖ allthatsinteresting

    Share This Post:
    MPO4D jitutoto mpo4d Mpoplay