ព័ត៌មានជាតិ

ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីបោះតង់បរិស្ថាន និងបំបួសដើមឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់

BY
Khmernote Media
January 21, 2020

ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីបោះតង់បរិស្ថាននិងបំបួសដើមឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅថ្ងៃទី១៤ និងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ខាងមុខ ដោយគ្រោងនឹងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន​ ប្រជាសហគមន៍នៃសហគមន៍តំបន់ការពារធម្មជាតិ ដែលកំពុងរស់នៅក្នុងនិងជុំវិញតំបន់ព្រៃឡង់ ព្រមទាំងយុវជនយុវនារីនៃក្រសួងបរិស្ថាន សរុបប្រមាណ៥០០ នាក់ ដើម្បីបង្កើនសេចក្តីស្រឡាញ់​ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិជា ជីវ:ចម្រុះ​ និងប្រព័ន្ធអេកូឡូស៉ី​ នៅកម្ពុជានិយាយជារួម​ និងជាពិសេសនៅតំបន់ព្រៃឡង់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ៖ «គោលបំណងនៃការរៀបចំកម្មវិធីបោះតង់បរិស្ថាន​ និងពិធីបំបួសដើមឈើនេះគឺដេីម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ជីវ:ចម្រុះ​ និងប្រព័ន្ធអេកូឡូស៉ីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ​ ជាពិសេសយុវជន និងដេីម្បីជំរុញឱ្យមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន»។ គួរបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់ នៅឆ្នាំ ២០១៦ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងនិងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង ៤៣ ម៉ឺនហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ចំនួន ៤ គឺខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារនិងអភរិក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារ:សំខាន់នេះ៕

ប្រភព៖ ក្រសួងបរិស្ថាន

Share This Post: