សិស្សសាលា ដែលវាយសិស្សម្នាក់ទៀតបណ្តាលឱ្យស្លាប់ ពេលនេះជាប់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្ន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យឃុំខ្លួនយុវសិស្ស នី លីស៊ាង អាយុ១៥ឆ្នាំ ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្នហើយ ករណីវាយសិស្សសាលាដូចគ្នាបណ្តាលឱ្យស្លាប់។ យុវសិស្សនេះត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឱ្យមរណភាពជនរងគ្រោះ តាមបញ្ញត្តិមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថាកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានករណីហិង្សាមានស្ថានទំងន់ (សិស្សនិងសិស្សវ៉ៃគ្នា បណ្តាលអោយជនរងគ្រោះស្លាប់) កើតហេតុនៅផ្លូវ៤០២ ក្រុម១១ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ មុនពេលកេីតហេតុជនរងគ្រោះរួមជាមួយមិត្តភក្តិបានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ (មានទំនាស់នឹងគ្នារឿងហៅអា) បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវាយគ្នាតែម្ដង ខណ:នោះជនរងគ្រោះក៏បានដួល ជនសង្ស័យឃេីញដូចនេះក៏បានជិះម៉ូតូម៉ាក Today គេចខ្លួនតែម្ដង បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហេីយ៕

