ក្មេងប្រុសម្នាក់ស្លាប់បាត់បង់ជីវិត ដោយសារដុតផាវលេង
ខេត្តកណ្តាល៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារដុតផាវ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ១០ និង១៥នាទី នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ផាន់ណា ដារ៉ូ ភេទប្រុស អាយុ០៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ។
វត្ថុតាងចាប់យក៖
១.ធុងសាំងពណ៌ក្រហមចំណុះ២០០លីត្រ.ទំហំ០,៥៨ម៉ែត្រ កំពស់.០,៩ម៉ែត្រ.មានស្នាមប៉ោងគូថធុង
២.សន្ទះធុងសាំងចំនួន០១
៣.ប្រអប់ផាវម៉ាកpopចំនួន០១

មុនពេលកើតហេតុ ឪពុកជនរងគ្រោះបាននាំកូនទៅលេងផ្ទះឈ្មោះ ហួថារី (ត្រូវជាបង) លុះដល់ម៉ោង០៩ និង០០នាទីឪពុកជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយទុកកូននៅលេងផ្ទះឈ្មោះ ហួថារី រហូតដល់វេលាម៉ោង១០ និង១៥នាទី បានឮ សំលេងផ្ទុះ ភ្លាមនោះឈ្មោះហួ ថារី ក៏រត់ទៅមើលឃើញក្មួយដេកនៅនឹងដីមានស្នាមរបួសមុខ រួចក៏បានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ តែជនរងគ្រោះបានស្លាប់ទៅហើយ ក៏បញ្ជូនត្រឡប់មកផ្ទះវិញ។
តាមសាក្សី ឈ្មោះ ម៉ង ម៉ានោ ភេទប្រុសអាយុ ០៥ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលជាក្មេងលេងជាមួយគ្នាបានប្រាប់ថាឈ្មោះ ផាន់ណា ដារ៉ូ បានជិះកង់ទៅទិញផាវ នៅផ្ទះឈ្មោះ ណាំ ហើយយកមកដុតដាក់ចូលក្នុងធុងសាំង រួចអើតមើលក៏ផ្ទុះធុងសាំង ឡើងលើបុកនឹងដំបូលផ្ទះឈ្មោះហួថារី ហើយចំណែកឈ្មោះ ផាន់ណាដារ៉ូ ដួលទៅលើដី។ ក្រោយពីពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល





