នៅចាំគាត់ទេ? ធ្លាប់ដេញគប់អ្នកកាសែតរត់ពេញផ្លូវ និងដៀលប៉ូលីសកប់ៗមាត់ រឿងពាក់វ៉ែនតាខ្មៅ ឥលូវកាចជាងមុន ស្រវឹងស្រា រួចយកចាន កែវ គប់អ្នកជិតខាង
នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នេះមានករណីបង្កហឹង្សាមួយបានកើតឡើងនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ដោយបុរសម្នាក់ស្រវឹងស្រា រួចយកចាន និងកែវគប់អ្នកជិតខាងបណ្តាលអោយមានរបួសស្នាម។ ហេតុការណ៍នេះដែរជនរងគ្រោះក៏បានធ្វើការ Comment ប្តឹងចូលក្នុងផេករបស់ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ គឺឧត្តមសេនីយ៍ឯក ស ថេត ហើយភ្លាមៗក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានដល់ប៉ុស្តិ៍ កម្លាំងប៉ុស្តិ៍អូបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះទៅដល់កន្លែងកេីតហេតុភ្លាម ដេីម្បីនាំខ្លួនជនបង្ករយកមកសួរនាំបន្ថែមនៅប៉ុស្តិ៍អូបែកក្អម។

ក្នុងនោះដែរបងប្អូនមហាជនក៏បានចូល Comment នៅក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបង្ហាញប្រាប់ថាបុរសដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននេះ ធ្លាប់មានរឿងម្តងហើយ ដោយកាលពីលើកមុនគឺស្រវឹងស្រា ដេញវាយអ្នកកាសែតរត់ពេញផ្លូវ និងដៀលប៉ូលីសខ្លាំងៗទៀតផង ដោយអាងខ្លួនមានខ្នងបង្អែកក្រាស់។ មហាជនបានលើកឡើងទៀតថា តើជននេះនឹងត្រូវបានកាត់ទោសទៅតាមច្បាប់ដែររឺទេ រឺមួយក៏ទុកអោយនៅបង្កអុកឡុកប្រជាជន ដែលរស់នៅក្បែរខាងគ្នាបែបនេះតទៅទៀត?



