ទម្លាប់មួយចំនួនដើម្បីក្លាយជាអ្នកមាន!
លោកអ្នកប្រហែលធ្លាប់ឮមកហើយថាការបង្កើតទ្រព្យសម្បត្តិតម្រូវឱ្យលោកអ្នកព្រងើយកន្តើយចំពោះរឿងអវិជ្ជមាននិងផ្តោតលើការធ្វើរឿងដែលត្រឹមត្រូវ។ គុណភាពជីវិតរបស់លោកអ្នកជាការឆ្លុះបញ្ចាំងដោយផ្ទាល់នូវទម្លាប់ដែលលោកអ្នកប្រើប្រាស់រាល់ថ្ងៃ។ កត្តាដែលកំណត់ឱ្យលោកអ្នកខុសពីគេគឺគំនិត អារម្មណ៍ និងឥរិយាបថរបស់យើង។ ប៉ុន្តែការពិតគឺថាអ្វីៗទាំងអស់នេះកើតចេញពីទម្លាប់ប្រចាំថ្ងៃរបស់យើង។ បើលោកអ្នកចង់ក្លាយជាអ្នកមាន លោកអ្នកត្រូវបង្កើតទម្លាប់ជោគជ័យ។ ជាទូទៅនៅពេលលោកអ្នកអានបញ្ជីទម្លាប់របស់មនុស្សមួយភាគរយដែលបានសម្រេចជោគជ័យច្រើនក្នុងជីវិត លោកអ្នកនឹងឃើញការងារជាច្រើនដែលគេត្រូវធ្វើជាជាងរឿងដែលគេមិនត្រូវធ្វើ។ ទោះជាយ៉ាងណា ផ្លូវពិតប្រាកដទៅរកភាពមានបានមានកិច្ចការមិនត្រូវធ្វើច្រើនជាងកិច្ចការដែលត្រូវធ្វើ។ ក្បួនគំនិតខុសពីធម្មតានេះបាននាំមនុស្សច្រើននាក់ហើយទៅរកភាពសម្បូររុងរឿងនិងជីវិតថ្កុំថ្កើង។ មនុស្សយើងមានទម្លាប់គ្រប់យ៉ាងនៅក្នុងជីវិត ដូចជាទម្លាប់ក្នុងទំនាក់ទំនង ទម្លាប់ចំណាយ ទម្លាប់សន្សំ ទម្លាប់អាជីព ទម្លាប់គ្រប់គ្រងពេលវេលា ។ល។

បើទម្លាប់ទាំងអស់នេះគ្រប់គ្រងលើលទ្ធផលនៃជីវិតរបស់យើង ការផ្តោតលើទម្លាប់ត្រឹមត្រូវជារឿងសំខាន់ណាស់។ ទោះជាយ៉ាងណា មនុស្សយើងភាគច្រើនមិនផ្តោតលើទម្លាប់ត្រឹមត្រូវទេ។ ភាគច្រើននៃជីវិតរបស់យើងពោរពេញដោយទម្លាប់អាក្រក់ដែលពិបាកលុបបំបាត់។ បើលោកអ្នកពិតជាចង់ក្លាយជាអ្នកមានមែន លោកអ្នកមិនត្រូវដើរលើផ្លូវខុសទេ។ នៅក្នុងសៀវភៅ The ;Power of Habit អ្នកនិពន្ធបានលើកឡើងថាចម្លើយទៅរកភាពរីកចម្រើនពិតប្រាកដគឺការផ្តោតចិត្តលើការបង្កើតទម្លាប់ស្នូល។ ទម្លាប់សំខាន់មួយចំនួនដែលលោកអ្នកគួរតែពិចារណាមានដូចខាងក្រោមនេះ ៖
១/ កុំកំណត់គោលដៅ
ជំនួសឱ្យការសម្លឹងមើលទៅមុខក្នុងរបៀបព្យាយាមកំណត់គោលដៅតាមរយៈស្ថានភាពបច្ចុប្បន្ននេះ លោកអ្នកគួរតែគិតក្នុងរបៀបមួយឆ្នាំខាងមុខ រួចសម្លឹងមកក្រោយវិញមើលឱ្យឃើញស្ថានភាពហិរញ្ញវត្ថុល្អបំផុតរបស់លោកអ្នក។ រស់នៅក្នុងអារម្មណ៍បែបនោះ មើលឱ្យឃើញអ្វីៗទាំងអស់ដែលលោកអ្នកប្រាថ្នាចង់បានថាបានកើតឡើងរួចទៅហើយ និងកត់ត្រាទុកអ្វីៗទាំងអស់ដែលលោកអ្នកបានឃើញ។ ការគិតស្រមៃបែបនេះពិតជាមានឥទ្ធិពលណាស់។ តាមរយៈការសម្លឹងទៅមុខ យើងគ្រាន់តែរំពឹងចង់បានលទ្ធផលអ្វីមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការសម្លឹងត្រឡប់មកក្រោយវិញ យើងអាចគូសរូបភាពនៃជីវិតរបស់យើងដូចពេលដែលយើងបានសម្រេចគោលដៅរួចទៅហើយ។

២/ កុំចំណាយច្រើន
មនុស្សដែលចូលចិត្តចាយលុយច្រើនពិបាកមានជីវភាពធូរធាណាស់ មិនបាច់និយាយដល់រឿងក្លាយជាអ្នកមានអ្វីទេ។ នៅពេលចំណាយរបស់លោកអ្នកមានកម្រិតខ្ពស់ជាងចំណូល លោកអ្នកមិនអាចក្លាយជាអ្នកមានបានទេ។ បើទោះជាលោកអ្នកមានបានរួចទៅហើយ ក៏ការចាយលុយខ្ជះខ្ជាយគ្មានប្រយោជន៍អ្វីយូរអង្វែងសម្រាប់លោកអ្នកទេ។ លោកអ្នកងាយនឹងមើលស្រាលការចំណាយណាស់នៅពេលលោកអ្នកមិនបានតាមដានឱ្យល្អិតល្អន់។ លោកអ្នកអាចនឹងមើលរំលងថ្លៃសេវាកម្មធនាគារ ថ្លៃATM ថ្លៃពិន័យចំពោះការទូទាត់ចំណាយយឺតពេល និងថ្លៃកាហ្វេប្រចាំថ្ងៃ។ ជំនួសឱ្យការចំណាយ លោកអ្នកត្រូវផ្តោតលើការសន្សំវិញ។ ការសន្សំមិនអាចធ្វើឱ្យលោកអ្នកក្លាយជាអ្នកមានបានភ្លាមទេ ប៉ុន្តែជាការបម្រុងលុយទុកចាំមើលឱកាសល្អដើម្បីវិនិយោគ ឬយ៉ាងហោចណាស់ក៏អាចជៀសវាងវិបត្តិបណ្តោះអាសន្នដូចជាការបាត់បង់ការងារ ឬចំណាយភ្លាមៗខុសការរំពឹងទុក។

៣/ កុំបង្កើតបញ្ជីការងារត្រូវធ្វើ
ជំនួសឱ្យការបង្កើតបញ្ជីការងារត្រូវធ្វើ លោកអ្នកគួរតែបង្កើតបញ្ជីការងារមិនត្រូវធ្វើ។ នៅក្នុងសៀវភៅ Millionaire Success Habits អ្នកនិពន្ធលើកឡើងថាបញ្ជីការងារមិនត្រូវធ្វើរបស់លោកអ្នកមានសារៈសំខាន់ខ្លាំងជាងបញ្ជីការងារត្រូវធ្វើទៅទៀត។ នៅក្នុងសង្គមដែលពោរពេញដោយការរំខាននេះ យើងជួបរឿងច្រើនណាស់ដែលធ្វើឱ្យយើងវង្វេងចេញពីផ្លូវត្រូវ និងការចំណាយពេលវេលាយ៉ាងមានតម្លៃជាមួយគ្រួសារនិងសកម្មភាពដែលធ្វើឱ្យជីវិតមានភាពប្រសើរឡើង។ លោកអ្នកត្រូវកំណត់ដឹងរឿងរំខានទាំងអស់នេះនិងលុបបំបាត់ចោលឱ្យអស់ដើម្បីបង្កើតពេលវេលាសម្រាប់កិច្ចការដែលនាំលោកអ្នកទៅរកលទ្ធផលដែលលោកអ្នកប្រាថ្នាចង់បានពិតប្រាកដ។ ហេតុដូច្នេះហើយ ការងាររបស់លោកអ្នកគឺត្រូវជៀសវាងនិងលុបចោលកិច្ចការដែលមិនត្រូវធ្វើ។ មនុស្សយើងទាំងអស់ចូលចិត្តខ្ជះខ្ជាយពេលវេលាណាស់ ហើយនៅពេលលោកអ្នកកំណត់ដឹងចំណុចខ្ជះខ្ជាយពេលវេលារបស់លោកអ្នក ពេលវេលារបស់លោកអ្នកនឹងមានកាន់តែច្រើនសម្រាប់ធ្វើកិច្ចការដែលគួរធ្វើ។

៤/ កុំផ្តោតលើចំណុចខ្សោយ
មនុស្សយើងម្នាក់ៗមានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួន។ ពេលធំឡើងយើងច្រើនតែទទួលបានដំបូន្មានឱ្យខិតខំធ្វើកិច្ចការណាដែលយើងមិនសូវពូកែ។ បើមេរៀនណាដែលយើងរៀនមិនសូវចេះ យើងត្រូវតែខិតខំចំណាយពេលឱ្យច្រើនដើម្បីរៀនឱ្យបានពូកែដូចគេ។ ប៉ុន្តែអាថ៌កំបាំងនៃការក្លាយជាអ្នកមានមិនមែនស្ថិតនៅលើការខិតខំធ្វើការជុំវិញចំណុចខ្សោយរបស់ខ្លួនឯងទេ គឺលោកអ្នកត្រូវខិតខំពង្រឹងចំណុចខ្លាំងឱ្យកាន់តែប្រសើរថែមទៀត។ ធ្វើការដោយផ្អែកលើចំណុចខ្លាំងពីធម្មជាតិរបស់លោកអ្នក មិនមែនផ្អែកលើចំណុចខ្សោយនោះទេ។ លោកអ្នកអាចប្រែក្លាយការងារបន្ទាប់បន្សំគ្រប់យ៉ាងទៅជាមុខជំនួសខ្ទង់លានដុល្លារបាន។ ទោះជាកិច្ចការអ្វីក៏ដោយ បើលោកអ្នកមានមហិច្ឆតានិងទេពកោសល្យកាន់តែខ្ពស់ លោកអ្នកនឹងកាន់តែឆាប់ក្លាយជាអ្នកមានតាមរយៈការផ្តោតចិត្តធ្វើកិច្ចការនោះ៕

ប្រភព៖moneycrashers