បំពុលទៀតហើយ! មន្ទីរពេទ្យខេត្តកែប បដិសេធ ចំពោះសារជាសំឡេងមួយដែលថាមានអ្នកជំងឺផ្ទុកមេរោគឆ្លងកូរ៉ូណា៤នាក់ កំពុងដេកសម្រាកក្នុងមន្ទីរពេទ្យខេត្តកែប
ខេត្តកែប៖ ជាថ្មីម្តងទៀតករណីជនអគតិមួយចំនួនបានបំពុលសង្គមទាក់ទងនឹងជំងឺមេរោគឆ្លងកូរ៉ូណានៅកម្ពុជា។ ថ្មីៗនេះផងដែរនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ មានជនអគតិបំពុលសង្គមម្នាក់ បានបង្កើតសារជា សំឡេងនិយាយ ពន្លើសក្នុងន័យបង្កអសន្តិសុខសង្គម ថានាពេលនេះ នៅខេត្តកែប ក៏ដូចជានៅក្នុងមន្ទីរពេទ្យខេត្តកែប កំពុងមានអ្នកជំងឺផ្ទុកមេរោគឆ្លងកូរ៉ូណា ៤នាក់កំពុងដេកសម្រាកក្នុងមន្ទីរពេទ្យខេត្តកែប ។

ដោយខាងមន្ទីរពេទ្យបានប្រកាសថា៖ “យើងខ្ញុំជាមន្ត្រីពេទ្យ នៅមន្ទីរពេទ្យខេត្តកែប សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការ និងសូមធ្វើការអះអាងថា មកដល់ម៉ោងនេះ (ម៉ោង ១៣ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០) នៅមន្ទីរពេទ្យខេត្តកែប យើងខ្ញុំ ពុំទាន់ជួបប្រទះឬរកឃើញថាមានអ្នកជំងឺណាម្នាក់គួរអោយសង្ស័យថាមានកើតជំងឺកូរ៉ូណានោះឡើយ។ អាស្រ័យហេតុនេះ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខេត្តកែប ជ្រាបជាព័ត៌មាន កុំជឿតាមជនខិលខូចបំពុលសង្គម អស់នោះអោយសោះ ។ សូមអរគុណ”៕