អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា ធ្វើជាអ្នកបើករថយន្ដបោសសម្អាតតាមដង ផ្លូវសាធារណៈ
លោក ងន សាំង ត្រូវបានគេស្គាល់ថាជាអគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបើករថយន្ដបោសសម្អាតម៉ាក City Master ដោយខ្លួនឯងនៅលើដងវិថីនានាមុខព្រះបរមរាជវាំង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ។
បើតាមប្រសាស៍របស់លោក ងន សាំង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នេះមិនមែនជាលើកទីមួយទេ ដែលរូបលោក ព្រមទាំងបុគ្គលិកស្មគ្រ័ចិត្តប្រមាណជាង ១០០នាក់ ចូលរួមបោសសម្អាត និងរើសសំរាមក្នុងទីក្រុងរបស់យើង ដើម្បីរួមចំនែកក្នុងការងារសង្គម ជួយឲ្យបរិស្ថានទីក្រុងស្អាត និងមានសោភណ្ឌ័ភាពល្អ។ បន្ថែមពីនេះទៅទៀត ក៏ដើម្បីអបអរទទួលទេវតាឆ្នាំថ្មីប្រពៃណីខ្មែរយើង ដែលជាធម្មតាតាមទំនាមទំលាប់ខ្មែរ មុនពេលពិធីបុណ្យចូលឆ្នាំថ្មី មកដល់ប្រជាពលរដ្ឋខ្មែរតែងតែធ្វើការបោសសម្អាតទីឆ្លា និងរៀបចំគេហដ្ឋានអោយបានស្អាត សម្រាប់ទទួលទេវតាឆ្នាំថ្មីដែលអ្នករាល់គ្នាតែងមានជំនឿថា បោសសម្អាតចោលឧបទ្រប់ចង្រៃដែលមានក្នុងឆ្នាំចាស់ហើយទទួលបាននូវសិរីសួស្ដី ជ័យមង្គល និងលាភសក្ការៈសម្រាប់ឆ្នាំថ្មី។
ក្នុងនោះផងដែរ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានប្រគល់ធុងសំរាមចំនួន ៥០ធុង ជូនដល់សាលារាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការបោះចោលសំរាម នៅតាមដងផ្លូវសាធារណៈ សួនច្បារ និងសាលារៀន ជាដើម។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសហការណ៍ជាមួយនឹងសាលារាជធានីភ្នំពេញ រៀបចំពិធីសម្អាតនេះ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដោយបានធ្វើការបោសសម្អាត និងប្រមូលសំរាម តាមដងវិថី ចាប់ពីមុខព្រះបរមរាជវាំង ដល់វិមានឯករាជ្យ រហូតដល់វត្តភ្នំ ដោយប្រើប្រាស់ម៉ាស៊ីនបោសសម្អាតបច្ចេកវិទ្យាទំនើបរបស់ប្រទេសអាឡឺម៉ង់ ម៉ាក Hako ដែលនាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា។


