សម្តេចតេជោ ហ៊ុន សែន ទម្លាយអោយដឹងថា ធ្លាប់ឆ្លងជំងឺផ្តាសាយជ្រូក (Swine-flu) ពីឯកឧត្តម យឹម ឆៃលី
កាលពីព្រឹកមិញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងប្រាប់អ្នកសារព័ត៌មានក៏ដូចជា ប្រជាពលរដ្ឋកម្ពុជា ថាបញ្ហាជំងឺបែបនេះមិនមែនជារឿងថ្មីសម្រាប់ពិភពលោកនោះទេ ដោយកាលពីឆ្នាំ ២០០២ ពិភពលោកបានផ្ទុះឡើងជំងឺ SARS ហើយបន្តមកទៀតក៏មានការកើតឡើងជំងឺ ផ្តាសាយបក្សី និងផ្តាសាយជ្រូកផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន នេះដែរសម្តេចក៏បានទម្លាយអោយដឹងថា សម្តេចក៏ធ្លាប់បានឆ្លងជំងឺផ្តាសាយជ្រូក (Swine-flu) ពីឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដោយកាលនោះចម្លងបានច្រើននាក់ណាស់ ហើយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមកធ្វើការព្យាបាល និងបញ្ជូនក្រុមគ្រូពេទ្យមួយក្រុមមកធ្វើការព្យាបាល សម្តេចរហូតដល់ជាសះស្បើយផងដែរ។ សម្តេចតេជោ ក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា សូមបងប្អូនប្រជាពលរដ្ឋកុំមានការភ័យខ្លាច ព្រោះពលរដ្ឋកម្ពុជាមិនទាន់មានឆ្លងជំងឺ Coronavirus នេះទេ ហើយក៏សូមអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានពិត ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ៕

