ចំណេះដឹង

របាំងផ្លូវចិត្តដែលត្រូវតែរំលំដើម្បីទទួលបានជោគជ័យក្នុងជីវិត!

BY
Khmernote Media
February 1, 2020

បើលោកអ្នកយល់ឃើញថាខ្លួនឯងពិបាកធ្វើដំណើរទៅមុខ វាអាចបណ្តាលមកពីខ្លួនលោកអ្នកតែម្តងដែលកំពុងតែតោងបញ្ហាជាប់ខ្លួនក្នុងរបៀបដែលលោកអ្នកមិនដឹងខ្លួនថាកំពុងតែធ្វើបែបនោះ។ មនុស្សយើងភាគច្រើនមានទម្លាប់និងឥរិយាបថមិនល្អមួយចំនួនដែលរាំងស្ទះដល់ដំណើររីកចម្រើនក្នុងអាជីព។ តាមរយៈការដឹងនិងស្គាល់ទម្លាប់មិនល្អទាំងនោះ លោកអ្នកអាចចាប់ផ្តើមប្រឈមមុខឧបសគ្គទាំងអស់ដើម្បីសម្រេចបានជោគជ័យក្នុងអនាគត។

ខាងក្រោមនេះជាទម្លាប់អាក្រក់មួយចំនួនដែលកំពុងតែទាញទម្លាក់លោកអ្នក ៖


១/ មិនស្គាល់មូលដ្ឋាន

តើលោកអ្នកនឹងទទួលបានអ្វីនៅពេលសាងសង់ផ្ទះធំលើគ្រឹះដែលទន់ខ្សោយ? សម្រាប់រយៈពេលខ្លីប្រហែលគ្មានបញ្ហាអ្វីទេ ប៉ុន្តែនៅពេលណាមួយ វានឹងបណ្តាលឱ្យមានបញ្ហា និងធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃជីវិតរបស់លោកអ្នក។ នៅក្នុងអាជីពក៏ដូចគ្នាដែរ បើលោកអ្នកមិនចំណាយពេលបង្កើតមូលដ្ឋានរឹងមាំនៃចំណេះដឹងក្នុងវិស័យការងាររបស់លោកអ្នកទេ លោកអ្នកមិនអាចរីកចម្រើនទៅបានឆ្ងាយឡើយ។ ហេតុដូច្នេះការរៀន ហើយពេលខ្លះទៀតការរៀនឡើងវិញ ជាកិច្ចការសំខាន់ណាស់ដើម្បីស្គាល់មូលដ្ឋាន។


២/ គោលដៅមិនច្បាស់លាស់

ការកំណត់គោលដៅច្បាស់លាស់និងជាក់លាក់ជាគន្លឹះមួយនៃជោគជ័យក្នុងអាជីព។ ផ្ទុយទៅវិញ បើគ្មានគោលដៅជាក់លាក់ទេ លោកអ្នកនឹងជួបបញ្ហាកង្វះខាតកម្លាំងចិត្តនិងការគ្មានទិសដៅនៅក្នុងអាជីព។ នៅក្នុងស្ថាប័នការងារមួយក៏ត្រូវមានគោលដៅច្បាស់លាស់ដែរដើម្បីបុគ្គលិកទទួលបានកម្លាំងចិត្តធ្វើការ។ ការខិតខំធ្វើការឆ្ពោះទៅរកគោលដៅច្បាស់លាស់មិនត្រឹមតែជួយរុញច្រានទៅរកលទ្ធផលជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែនាំឱ្យការងារចំពោះមុខទទួលបានការយកចិត្តទុកដាក់ពេញលេញដែរ។ គោលដៅជាក់លាក់និងលំបាកនាំទៅរករបៀបធ្វើការកាន់តែប្រសើរជាងគោលដៅស្រពេចស្រពិលនិងងាយស្រួល។


៣/ ខ្វល់ខ្វាយច្រើនពេករឿងដែលអ្នកដទៃគិត
យោងតាមទស្សនវិទូអារីស្តូត “មានតែផ្លូវមួយគត់ដើម្បីគេចផុតពីការរិះគន់ គឺមិនធ្វើអ្វីទាំងអស់ មិននិយាយអ្វីទាំងអស់ និងមិនក្លាយទៅជាអ្វីទាំងអស់។” តើលោកអ្នកជាមនុស្សចាំតែផ្គាប់ចិត្តអ្នកដទៃមែនទេ? បើបែបនេះមែន ទំនោនេះអាចនឹងរាំងស្ទះដំណើរជោគជ័យរបស់លោកអ្នក។ ទោះជាលោកអ្នកធ្វើកិច្ចការអ្វីក៏ដោយ ក៏លោកអ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។ ក្នុងការរស់នៅ លោកអ្នកគួរតែព្យាយាមធ្វើកិច្ចការឱ្យអស់ពីសមត្ថភាពនិងគួរតែគោរពគំនិតយោបល់របស់អ្នកដទៃ។ ប៉ុន្តែកុំបណ្តោយឱ្យគំនិតយោបល់របស់អ្នកដទៃប៉ះពាល់គ្រប់ជំហានរបស់លោកអ្នក។ បើបណ្តោយបែបនេះមែន លោកអ្នកនឹងធ្វើកិច្ចការទាំងអស់ដោយផ្អែកតែលើអារម្មណ៍ភ័យខ្លាច ហើយមិនអាចសម្រេចបានស្នាដៃធំដុំដូចចិត្តប៉ងពិតប្រាកដទេ។


៤/ គ្រប់គ្រងពេលវេលាមិនបានល្អ
គ្មានអ្វីគួរឱ្យសង្ស័យទេ ដើម្បីបង្កើតអាជីពឬពាណិជ្ជកម្មថ្មីមួយ លោកអ្នកត្រូវការពេលវេលា។ មនុស្សជាច្រើនអះអាងថាគេមិនអាចសម្រេចសុបិនរបស់គេបានទេដោយសារគេគ្មានពេល។ ប៉ុន្តែតើការអះអាងបែបនេះត្រឹមត្រូវទេ? ការពិតគឺថា គ្មាននរណាម្នាក់វេចខ្ចប់ផ្តល់ពេលវេលាបន្ថែមឱ្យលោកអ្នកទេ។ លោកអ្នកមានទំនួលខុសត្រូវដើម្បីបង្កើតពេលវេលាដោយខ្លួនឯង។ ដើម្បីបង្កើតពេលវេលា ប្រហែលលោកអ្នកត្រូវផ្លាស់ប្តូរទម្លាប់ខ្លះ និងកាត់បន្ថយពេលឥតប្រយោជន៍ខ្លះ។ ឬមួយក៏លោកអ្នកត្រូវឆាប់ក្រោកពីដំណេកដូចCEO របស់ក្រុមហ៊ុនដែលក្រោកនៅម៉ោង៣និង៤៥នាទីរាល់ព្រឹក។ មធ្យោបាយបង្កើតពេលវេលាបន្ថែមមានច្រើនណាស់ បើលោកអ្នកពិតជាចង់បានមែន។

៥/ ឈប់រៀនពេលចេញពីសាលា
ការរៀនពេញមួយជីវិតជាចរិករបស់មនុស្សជោគជ័យបំផុត។ តើលោកអ្នកចង់ក្លាយជាមនុស្សជោគជ័យក្នុងជីវិតទេ? បើលោកអ្នកគិតថាខ្លួនឯងចេះដឹងគ្រប់រឿង គ្មានមធ្យោបាយណាមួយដែលលោកអ្នកអាចបន្តរីកចម្រើនទាំងក្នុងអាជីពនិងក្នុងជីវិតនោះទេ។ លោក Malcolm X ធ្លាប់និយាយពាក្យមួយឃ្លាដែលមនុស្សភាគច្រើនចងចាំថា “ការអប់រំជាលិខិតឆ្លងដែនទៅអនាគត ដោយសារថ្ងៃស្អែកជាកម្មសិទ្ធរបស់មនុស្សដែលរៀបចំខ្លួននៅថ្ងៃនេះ។” នៅពេលលោករស់នៅក្នុងរបៀបដូចជាលោកអ្នកអាចរៀនអ្វីៗគ្រប់យ៉ាងពីបទពិសោធន៍និងមនុស្សទាំងអស់ លោកអ្នកនឹងទទួលបានប្រយោជន៍ច្រើនណាស់៕

ប្រភព៖.entrepreneur

Share This Post: