ថៃបង្ហាញការព្រួយបារម្ភ ក្រោយស្រ្តីជាង៦០ភាគរយក្នុងប្រទេសខ្លួនត្រូវគេបៀតបៀនផ្លូវភេទក្នុងថ្ងៃសង្រ្កាន្ត ក្រោមរូបភាពការលេងប៉ាតម្សៅនិងជះទឹក
ប្រទេសថៃ ៖ ថៃបង្ហាញការព្រួយបារម្ភពីករណីការលូកលាន់ផ្លូវភេទចំពោះស្រ្តីៗនៅក្នុងឪកាសសង្រ្កាន្ត ដែលនឹងត្រូវប្រព្រឹត្តទៅប៉ុន្មានថ្ងៃខាងមុខនេះ។ គួរបញ្ជាក់ផងដែរថាប្រទេសថៃក៏ប្រារព្ធនូវពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងខែមេសាដូចប្រទេសយើងផងដែរ ការប្រារព្ធពិធីចូលឆ្នាំថ្មីនេះប្រទេសនេះនឹងចាប់ផ្តើមនៅថ្ងៃ១២ស្អែកនេះហើយ។ យ៉ាងណាបើតាមរយៈសារព័ត៌មានក្នុងស្រុករបស់ថៃដូចជាបង្ហាញការបារម្ភយ៉ាងខ្លាំងលើបញ្ហាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនខ្លួន។

ជាពិសេសទៅលើការផឹកគ្រឿងស្រវឹង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និង ភាពមិនសមរម្យ(ការបន្លំប៉ះពាល់រាងកាយ)ក្នុងឪកាសសង្រ្កាន្ត។ តាមប្រភពព័ត៌មានក្នុងស្រុកដដែលនេះបានលើកឡើងជាមួយនឹងការលេងជះទឹក ប៉ាតម្សៅក្នុងឪកាសឆ្លងឆ្នាំថ្មីនេះស្រ្តីជាង៦០%ត្រូវបានគេបន្លំបៀតបៀនខ្លួនប្រាណរបស់ពួកនាង ដែលភាគច្រើនអ្នកប្រពឹត្តជាមនុស្សប្រុស។ ប្រធានមូលនិធិទ្រទ្រង់ស្រ្តីនិងមនុស្សនិយម (WMP) បានរៀបចំសិក្ខាសាលាមួយកាលពីសប្តាហ៍មុនដើម្បីដោះស្រាយករណីមួយនេះ។ សមាគម (WMP) នេះបានបង្ហាញរបាយការណ៍ថាមនុស្សស្រីពី១០ឆ្នាំទៅដល់៤០ឆ្នាំ ជាង៥៩.៣ភាគរយត្រូវបានគេធ្វើបាប និងលូកលាន់ផ្លូវភេទ។ គួរបញ្ជាក់ផងដែរថា ២៨.១ភាគរយ បាននិយាយថាពួកគេជ្រើសរើសមិនចូលរួមក្នុងការលេងបែបនេះក្នុងឪកាសសង្រ្កាន្តនេះតែម្តង៕
អត្ថបទ ៖ Mali
ប្រភព ៖ bangkokpost