ទិចនិចទាំង ៥សម្រាប់នារីៗដែលចង់កាត់សក់ខ្លី
នារីគ្រប់រូបតែងតែចង់ផ្លាស់ប្ដូរអ្វីដែលថ្មីសម្រាប់ខ្លួន ជាពិសេសការលេងស្ទាយម៉ូតសក់។ ជាក់ស្ដែងសព្វថ្ងៃនេះនារីកំពុងតែពេញនិយមជាមួយនឹងស្ទាយសក់ខ្លី ដូចជាតារាសម្ដែងស្រីនៅប្រទេសកូរ៉េខាងត្បូងគឺ Song Hye Kyo ជាដើម។ ខាងក្រោមនេះគឺជាទិចនិចទាំង ៥ដើម្បីកាត់សក់ខ្លីទទួលបានភាពស្រស់ស្អាត៖
១. ពិនិត្យទម្រង់មុខ៖ មុននឹងកាត់សក់ខ្លីអ្នកគួរតែស្គាល់ពីទម្រង់របស់ខ្លួនជាមុនសិន ព្រោះថាមិនមែននារីគ្រប់រូបកាត់សមទាំងអស់នោះទេ។ ដើម្បីដឹងថាមុខយើងសម រឺមិនសម យើងត្រូវយកបន្ទាត់មកវាស់ពីទងត្រចៀក មកចង្ការបស់យើងតើមានប្រវែង ២.២៥អ៊ីង រឺអត់ ព្រោះបើសិនជាអ្នកមានមុខវែងជាង ២.២៥អ៊ីងនោះ បានន័យថាអ្នកកាត់សក់ខ្លីមិនសមនោះទេ។

២. បន្ថែមជាមួយនឹងសក់សេះ៖ ដើម្បីឲ្យមើលឃើញមុខតូច និងសាកសមជាមួយនឹងសក់ខ្លី នារីគួរតែបន្ថែមសក់សេះតែចូរកុំកាត់ឲ្យខ្លីពេកអ្នកគួរតែកាត់ឲ្យហួសចិញ្ចើមរបស់អ្នកបន្ដិចទើបស្អាត។ ហើយកុំគិតថាកាត់សក់សេះជារឿងគួរឲ្យរំខានអីព្រោះវាជួយឲ្យឃើញទម្រង់មុខរបស់អ្នកកាន់តែទាក់ទាញ។
៣. គូសចិញ្ចើមបែបធម្មជាតិឲ្យដូចទៅនឹងសក់របស់អ្នក៖ ដើម្បីឲ្យមើលមកធម្មជាតិអ្នកមិនគួរគូសចិញ្ចើមដិតពេកនោះទេ ព្រោះវាមើលទៅបាត់បងនូវភាពស្រស់ស្អាតអ្នកគួរតែគូសចិញ្ចើមបែបសាមញ្ញៗទើបជាការល្អ។

៤. ការតុបតែងមុខ៖ ការដែលអ្នកលេងស្ទាយតុបតែងមុខដិតជាមួយនឹងសក់ខ្លីគឺស្រស់ស្អាតបំផុត តែអ្នកគួរតែជ្រើសរើសពណ៌ក្រែមលាបមាត់ឲ្យបានត្រឹមត្រូវព្រោះបើសិនជាអ្នកលាបក្រែមពណ៌ដិតពេកនោះនឹងធ្វើឲ្យមើលមកមិនស៊ីគ្នាជាមួយនឹងស្ទាយសក់របស់អ្នកនោះទេ។
៥. ការលេងស្ទាយម៉ូតសម្លៀកបំពាក់៖ នារីតែងតែគិតថាការស្លៀកពាក់រ៉ូបអាចមើលមកខ្ចូតគួរឲ្យស្រលាញ់តែអ្នកគិតខុសហើយ ត្រឹមខោអាវធម្មតាមិនចាំបាច់មានឈ្មោះល្បីក៏អ្នកអាចទទួលបាននូវភាពស្រស់ស្អាតដែរ ឲ្យតែអ្នកចេះរៀបចំឲ្យមើលមកស៊ីគ្នាតែប៉ុណ្ណោះ។ លើសពីនេះអ្នកគួរតែជៀសវាងការលេងស្ទាយខោអាវណាដែលមានម៉ូតរញ៉េរញ៉ៃ និងមានពណ៌ចម្រុះ៕




អត្ថបទ៖ Sai
ប្រភព៖mthai