ក្នុងខែមករា ឆ្នាំ២០២០ អង្គភាពសុីម៉ាក់ដោះស្រាយបញ្ហាគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMKបានចំនួន១៤ទីតាំង
នៅក្នុងខែមករា ឆ្នាំ២០២០ អង្គភាពសុីម៉ាក់បានដោះស្រាយបញ្ហាគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMKបានចំនួន១៤ទីតាំង ដោះបន្សាបគ្រាប់បែកបានចំនួន១៣គ្រាប់ដែលស្ថិតក្នុងស្ថានភាពគុណភាពអាចបង្កផ្ទុះ និងមួយគ្រាប់បានផ្ទុះរួចហេីយ នេះបើយោងតាមការបង្ហោះរបស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។

ទីតាំងគ្រាប់បែកដែលបានដោះបន្សាបទាំងនោះមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង ដែលកប់ក្នុងដីជំរៅជ្រៅៗប្រមាណ៥-៧ ម៉ែត្រ ឯកឧត្តម ហេង រតនា បានបន្តថា ៖ “នេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយដល់សុវត្ថិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសលេីការកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវ ធារាសាស្ត្រ សំណង់លំនៅដ្ឋាន ស្ពាន និងការជីកកាយដីផ្សេងៗ ដែលអាចនឹងមានគ្រោះថ្នាក់កេីតឡេីង ហេីយទំហំខូចខាតក៏អាចមានទំហំធំផងដែរ។ អរគុណសន្តិភាព! បានបង្កឱកាសសំរាប់ការព្យាបាលដំបៅសង្គ្រាមជាបណ្តេីរៗនិងឈានដល់ការបំផ្លាញចោលទាំងស្រុង”៕



ប្រភព៖ HENG Ratana