ការដ្ឋានអគារខុនដូរ ដែលបាក់ដែកស្ទួចរលំសង្កត់លើរថយន្ដនិងរបួសមន្ត្រីស្ថានទូតអាមេរិក ត្រូវអាជ្ញាធរផ្អាកសាងសង់ហេីយ និងនាំមនុស្ស៤នាក់ទៅសាកសួរ
រាជធានីភ្នំពេញ ៖ ការដ្ឋានសាងសង់អគារខុនដូរមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ ត្រូវបានអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងផ្អាកដំណើរការសាងសង់បណ្ដោះអាសន្នភ្លាមៗ ក្រោយពីមានការបាក់ដេកដងសន្ទួច រលំសង្កត់លើរថយន្ដរបស់ស្ថានទូតអាមេរិកមួយគ្រឿង បណ្ដាលអោយមន្ត្រីទូតអាមេរិកម្នាក់រងរបួសធ្ងន់ និងឃាត់ខ្លួនមនុស្ស៤នាក់ផងដែរ។ ហេតុការណ៍បាក់រលំដងសន្ទួចនេះបានកើតឡើងនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃអង្គារ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិ១៤ (ក្រោយអាគារបាលី) លេីផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ក្រុមជំនាញខាងបច្ចេកទេសដងស្ទូចបានរុះរើ ដើម្បីបិទបញ្ចប់ការ សាងសង់របស់ខ្លួន ខណៈនោះមិនដឹងជារុះរើខុសបច្ចេកទេស យ៉ាងម៉េចទេ ទើបបានជាគេឃើញបាក់ដែកដងស្ទូច បណ្ដាលឲ្យ ទ្រេតធ្លាក់មកត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿង ទៀត ព្រមទាំងមន្ត្រីទូតអាមេរិកម្នាក់រងរបួសទៀតផង។ ចំពោះករណីនេះដែរ គេសង្កេតឃើញថា បន្ទាប់ពីមានព័ត៌មាន ថា បាក់ដែកដងស្ទូចធ្លាក់ពីលើអគារបែបនេះ ភ្លាមៗលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក អាំង សេរិពិសិដ្ឋ អភិបាលរងខណ្ឌ បានចុះដល់កន្លែងកើតហេតុ និងត្រួតពិនិត្យផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា ចំពោះករណីបាក់ដងស្ទូចសង្កត់ទៅលើរថយន្តបណ្តាលអោយមន្ត្រីទូតអាមេរិកម្នាក់ រងរបួសនឹងធ្វើអោយខូចខាតសម្ភារមួយចំនួននោះ គឺលោកសម្រេចអោយផ្អាកការដ្ឋាននោះ ជាបណ្តោះអាសន្នសិនហេីយ នឹងបាននាំខ្លួនមនុស្សបួននាក់ ក្នុងនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ញើន សុខា អាយុ២២ឆ្នាំ ជាអ្នកបញ្ជា និងរុះរើដងស្ទួចយកទៅសួរនាំ ជុំវិញករណីនេះផងដែរ ហើយលោកបន្តថាចំពោះការបាក់ដងស្ទូចនេះបណ្តាលមកពីការធ្វេសប្រហែសនឹងខុសបច្ចេកទេស ៕


អត្ថបទ៖ បងម៉េង