ធ្លាយស៊ីទែនហ្គាស បណ្តាលឱ្យឆេះការ៉ាស់សាំងនៅខណ្ឌច្បារអំពៅ របួសមនុស្ស៣នាក់
រាជធានីភ្នំពេញ ៖ កម្មករ៣នាក់ រងរបួសរបកស្បែកទាំងដុំ និងរលាកពេញខ្លួនប្រាណ ពីជេីងដល់ក្បាល ក្នុងហេតុការណ៍ឆេះស៊ីទែនហ្គាសយ៉ាងខ្លាំង បន្ទាប់ពីធ្លាយចេញពីស៊ីទែនហ្គាសចំណុះ ១២,០០០លីត្រ ឆាបឆេះរាលដាលមួយចំហាយហ្គាស ចេញជាអណ្ដាតភ្លេីងពេញដេប៉ូប្រេងឥន្ទនៈតេលាមួយកន្លែង ផ្អេីលអាជ្ញាធរនិងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ បាញ់ទប់ស្កាត់បានទាន់ពេលវេលា ។
ហេតុការណ៍ផ្ទុះហ្គាសយ៉ាងខ្លាំងនេះបានកេីតឡេីងកាលពីវេលាម៉ោង០៧:១០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងបរិវេណដេប៉ូប្រេងឥន្ទនៈតេលាមួយកន្លែង យីហោ សម្បត្តិមានហេង នៅតាមផ្លូវជាតិលេខ១ ក្រុម០៦ ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ : ព្រុំ សុផាន់ណា ភេទស្រី អាយុ៣៥ឆ្នាំសញ្ជាតិ ខ្មែរមុខរបរ ម្ចាស់ស្ថានីយប្រេងឥន្ធនៈតេលា យីហោសម្បត្តិមានហេង មូលហេតុនៃការឆេះបណ្ដាលមកពី ធ្លាយហ្គាសបង្កជាអគ្គិភ័យ ឆេះខូចខាតស៊ីទែនហ្គាសបន្តិចបន្តួច ឆេះរាលដាលដំបូលកន្លែងស្នាក់នៅអស់មួយចំហៀង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីអគ្គិភ័យនេះ បណ្ដាលឲ្យមានមនុស្សរបួស៣នាក់ ដោយ២នាក់ បញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងម្នាក់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ (ក្នុងចំណោមអ្នករបួសទាំងបីនោះ មានម្នាក់ធ្ងន់ជាងគេ ដោយឃេីញរលាត់ស្បែក និងរលាកពេញខ្លួនប្រាណ ពីជេីងដល់ក្បាល) ។
ក្នុងប្រតិបត្តិការជួយបាញ់ពន្លត់អគ្គិភ័យនេះ គេឃេីញមានវត្តមានរបស់អាជ្ញាធរខណ្ឌច្បារអំពៅគ្រប់លំដាប់ថ្នាក់ សហការជាមួយក្រុមពន្លត់អគ្គិភ័យ អន្តរាគមន៍រហូតគ្រប់គ្រងបាន ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១០ឡាន ស្មេីនឹង៤០ម៉ែត្រគូប ។ និងរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មេីនឹង 0៦ ម៉ែត្រគូប ។ រថយន្តជំនួយក្រសួងមហាផ្ទៃ ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៣គ្រឿង ស្មេីនឹង ១២ម៉ែត្រគូប ។ រថយន្តជំនួយះបុរីប៉េងហួតចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង០៦ម៉ែត្រគូប ។ រថយន្តជំនួយសាលាខ័ណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មេីនឹង 0៤ម៉ែត្រគូប ។រថយន្តជំនួយទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ស្មើនឹង១២ម៉ែត្រគូប ហេីយពន្លត់ចប់នៅម៉ោង០៧:៣០នាទីនាទីយប់ ថ្ងៃខែឆ្នាំដដែលនេះ ៕

អត្ថបទ៖ បងម៉េង






