ដើររើសអេតចាយបែកគំនិតគាស់ផ្ទះ ចូលរេីកកាយប្រមូលទ្រព្យសម្បត្តិដាក់ពេញរ៉ឺម៉ក បម្រុងគេចខ្លួន តែអស់លក្ខណ៍ត្រូវបានសមត្ថកិច្ចក្របួចបាន
រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ដើររើសអេតចាយបែកគំនិតធ្វេីសកម្មភាពឆ្កឹះសោរផ្ទះប្រជាពលរដ្ឋ ចូលរេីកកាយប្រមូលយកទ្រព្យសម្បត្តិបានមួយចំនួនធំ លេីកដាក់រ៉ឺម៉កអេតចាយគេចខ្លួន ទៅមុន និងម្នាក់ចេញមកតាមក្រោយ ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញឃាត់ត្រួតពិនិត្យឆែកឆេររកឃើញទ្រព្យសម្បត្តិនិងលុយមួយចំនួនជារបស់ជនរងគ្រោះ ទើបវាយខ្នោះឃាត់ខ្លួនយកមកធ្វើការសាកសួរភ្លាមៗ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលឡេីងកាលពីវេលាម៉ោង ៣ទាបភ្លឺ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំនុច ផ្ទះលេខ១៨១ លេីកំណាត់ផ្លូវ១៧៣ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ថម ម៉ៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកេីតហេតុខាងលើ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ រួមមានឈ្មោះ ខែម សុខន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររេីសអេតចាយ ស្នាក់នៅ ផ្ទះជួល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជនសង្ស័យម្នាក់ទៀតជាបក្សពួក មាន ឈ្មោះ សួរ ចំណាន អាយុ២៥ឆ្នាំ មុខរបររេីសអេតចាយ ជាម្ចាស់រ៉ឺម៉កអេតចាយ ស្នាក់នៅក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនកេីតហេតុ កម្លាំងប៉ុសនគរបាលរដ្ធបាលបឹងទំពុនទី២ បានល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន មកដល់ចំណុចកេីតហេតុក៏ឃើញជនសង្ស័យ ដេីរចេញពីផ្ទះកេីតហេតុនោះមកដោយឃេីញអាការៈគួរឲ្យសង្ស័យ ទំនងជាមានអ្វីមិនស្រួលក៏ឃាត់ខ្លួនសួរនាំ នង ឆែកឆេរខ្លួនប្រាណរកឃើញលុយខ្មែរមួយចំនួន ទូរស័ព្ទ ដៃ២គ្រឿង និង នាឡិកាដៃ២គ្រឿងហេីយពេលសួរដេញដោល ធ្វើអោយជនសង្ស័យភ័យស្លន់ស្លោរ ទេីបដឹងថាជាចោរហើយបានសារភាពប្រាប់ថា រូបគេលួចយកចេញពីផ្ទះកេីតហេតុខាងលើនោះ។ ទេីប ភ្ញាក់ផ្អើល ដល់សមត្ថកិច្ចគោះទ្វារហៅរកម្ចាស់ផ្ទះ ក៏មានស្ត្រីម្នាក់ចេញពីផ្ទះនៅជិតកន្លែងកើតហេតុមកអះអាងថា ជាផ្ទះរបស់ខ្លួន ដោយគាត់ចាក់សោរទុកចោលទៅគេងផ្ទះបងប្អូនក្បែរគ្នា ហេីយបានចូលទៅមេីលក្នុងផ្ទះទេីបភ្ញាក់ផ្អើលស្រែកឆោឡោអោយ សមត្ថកិច្ចជួយព្រោះតែផ្ទះរបស់គាត់ត្រូវបានក្រុមចោរគាស់សោរផ្ទះចូល រេីកកាយអីវ៉ាន់ រាយប៉ាយពេញក្នុងផ្ទះ លួចទ្រព្យសម្បត្តិ អស់ហើយតាំងពីទូរទស្សន៍ ម៉ាញ៉េ ធុងបាស កង្ហារ លុយមាសរួម ទាំងគ្រឿងអលង្ការផ្លាកទីន មួយចំនួនទៀតបាត់អស់ពីផ្ទះ គ្មានសល់។

ភ្លាមៗសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យខាងលើភ្លាមៗ យកទៅសួរនាំទេីបដឹងថាមានបក្សពួកម្នាក់ទៀត ឈ្មោះ សួ ចំណាន ដែល បានអូសរទេះ អេតចាយ យកទ្រព្យ សម្បត្តិជនរងគ្រោះគេចខ្លួន ហើយសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលទំពូងទី២ បាន សហការគ្នា ជាមួយកម្លាំងល្បាតប៉ុស្តិ៍ នគរបាលទំនប់ទឹក ល្បាតរួមគ្នាមកដល់ ចំណុចផ្លូវ ៤៣២ ជិតអគារខុនដូរមួយកន្លែងស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ក៏ប្រទះឃើញជនសង្ស័យកំពុងអូសរទេះអេតចាយក៏ឃាត់ខ្លួនសួរនាំ និងឆែកឆេរ រកឃើញមាន ធុង បាស់ ម៉ាញ៉េ ទូរទស្សន៍ កង្ហារ សួរនាំទេីបជនសង្ស័យសារភាពថាខ្លួនពិតជាបក្សពួក នឹងគ្នា ពិតប្រាកដមែន និងបានឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍នគរបាលទួលទំពូង២ សួរនាំបន្តតែម្តង។
ប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានប្រាប់អោយដឹងថាមុនកេីតហេតុ គឺគាត់ទេីបនឹងត្រឡប់មកពីដេីរលេងនៅខេត្តសៀមរាបវិញ ហើយយប់កេីតហេតុនោះគាត់មិនបានសម្រាកនៅផ្ទះគាត់ទេ ដោយបានចាក់សោរផ្ទះ ទៅសម្រាកនៅផ្ទះបងប្អូនក្បែរ នោះ ពេលមានការភ្ញាក់ផ្អើលនៅមុខផ្ទះ ទេីបគាត់ចេញមក មេីលផ្ទះគាត់ឃើញចំហរទ្វារទេីបដឹងថាមានចោរលួចគាស់ទ្វារផ្ទះចូលលួចទ្រព្យសម្បត្តិ។ ក្រោយកេីតហេតុ ទ្រព្យសម្បត្តិដែលជនសង្ស័យ ប្រមូលយកទៅនោះត្រូវបានប្រគល់ទៅជនរងគ្រោះវិញ និងសល់កាបូបដាក់គ្រឿងអលង្ការ មានមាសនិងផ្លាកទីន (មិនបញ្ជាក់ចំនួន)ជារបស់បងប្អូនផ្ញើរកមិនទាន់ឃេីញទេ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព គាស់សោរផ្ទះ ចូលលួច ទ្រព្យសម្បត្តិ ស្ត្រីរងគ្រោះពិត មែន។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកសាងសុំណុំ រឿងបញ្ជូនបន្តទៅកាន់អធិការដ្ធានខណ្ឌចំការមនចាត់ការបន្ត៕





អត្ថបទ៖ បងម៉េង