ឆេះផ្ទះមួយខ្នងអស់ទាំងស្រុង នៅបឹងទំពុន សង្ស័យថាផ្ទុះស្សេខ្សែភ្លេីង
រាជធានីភ្នំពេញ ៖ គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នង ដែលធ្វើពីថ្មក្រោមឈើលើ បង្កការភ្ញាក់ផ្អើលឡេីងដល់បងប្អូនអ្នកជិតខាងភ័យស្លន់ស្លោ រាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយក្រុមពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ស្ថិតនៅផ្លូវបេតុង២៤BT ផ្ទះលេខ៤២៣ ភូមិត្នោតជ្រុំ២ សង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចខណ្ឌមានជ័យបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ សៀង សុខលាង ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ បានជួលផ្ទះអោយឈ្មោះ ជា សុភាវី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរបើកហាងលក់ម្ហូប។ ចំពោះផ្ទះដែលឆេះនេះ គឺធ្វើអំពីឈើខាងលើ ថ្មក្រោមមានទំហំ ៦ម៉ែត្រx១១,៣០ម៉ែត្រ ឆេះអស់ទាំងស្រុង និងពុំបានបណ្តោយឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ត្រូវបានសមត្ថកិច្ចចម្រុះ និងក្រុមពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់វេលា។

យោងតាមប្រភពព័ត៌មានពីអ្នកជិតខាងរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គឺឃេីញផ្សែង ខ្មួលខ្មាញ់ ហុយចេញពីក្នុងផ្ទះកេីតហេតុ ហេីយមានអណ្តាតភ្លើងឆាបឆេះចេញមក ទេីបអ្នកជិតខាងស្រែកឆោឡោថា ភ្លេីងឆេះផ្ទះ ទេីបនាំគ្នារត់ទៅជួយពន្លត់ អ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យ អ្នកខ្លះទាញទុយោទឹកបាញ់ពន្លត់បឋមដែរ តែបាញ់មិនរលត់ព្រោះផ្ទះចាក់សោររបង មិនអាចចូលទៅក្នុងបានឡេីយ ទេីបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងទំពុនទី២ ហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ បាញ់ពន្លត់ទប់ស្កាត់ ជុំវិញបរិវេណ ផ្ទះដែលកំពុងឆេះនោះផងដែរ ។
ក្នុងប្រតិបត្តិការជួយបាញ់ពន្លត់អគ្គិភ័យនេះ គេឃេីញមានវត្តមានរបស់ អាជ្ញាធរ ខណ្ឌមានជ័យ ដឹកនាំដោយលោក ឡុង ង៉ែត អភិបាលរង និងចៅសង្កាត់ ចៅសង្កាត់រង ព្រមទាំងកម្លាំងចម្រុះខណ្ឌមានជ័យ សហការជាមួយក្រុមពន្លត់អគ្គិភ័យ អន្តរាគមន៍ រហូតគ្រប់គ្រងបាន ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០៨គ្រឿង ប្រេីប្រាស់បាញ់ទឹកអស់ ចំនួន០៨ឡាន ស្មេីនឹង ៣២ម៉ែត្រគូប ។ ក្នុងនោះមានរថយន្តជំនួយរបស់ក្រុមហ៊ុនស្រារបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡានស្មើនឹង១០គូប ទើបរលត់ទៅវិញជាស្ថាពរ នៅម៉ោងជិត១១យប់ថ្ងៃដដែល ហើយក្នុងហេតុការណ៍ដែរមិនមានអ្នករងរបួសទេ។ ចំពោះការខូចខាតឆេះផ្ទះមួយខ្នងអស់ទាំងស្រុង និងទ្រព្យសម្បត្តិ គ្រឿងអលង្ការ និងឯកសារផ្សេងៗ ត្រូវភ្លេីងឆេះបំផ្លាញអស់ ហើយមូលហេតុសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ តែតាមការសន្ឋិដ្ឋានរបស់អ្នកជួលផ្ទះកេីតហេតុ សង្ស័យថាផ្ទុះស្សេខ្សែភ្លេីង៕




អត្ថបទ៖ បងម៉េង