លោក ពេជ្រ ស្រស់ មិនជឿថាកម្លាំងនគរបាល អសមត្ថភាពចាប់ឃាតករនោះទេ ព្រោះស្គាល់ទាំងមុខ និងអត្តសញ្ញាណ តែ….
ករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា បានធ្វើការបាញ់សម្លាប់គូរដណ្តឹងរបស់ខ្លួន បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។ ជនដៃដល់ជាឃាតករ មានឈ្មោះថា យឺន វណ្ណដេត អាយុប្រមាណ៣០ឆ្នាំ ជានាយទាហានអង្គភាព ង៧០ មានឋាន្តរសក្តិវរសេនីយត្រី ហើយមកទល់នឹងពេលនេះគឺរយៈពេលជិតមួយខែហើយ ជនល្មើសនៅបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយសមត្ថកិច្ចមិនទាន់ចាប់បាននោះទេ។

ក្រោយមានការប្រតិកម្មពីក្រុមគ្រួសារជនរងគ្រោះ លោក ពេជ្រ ស្រស់ ដែលជាងអ្នកនយោបាយល្បីឈ្មោះមួយរូបបានបង្ហោះសារមួយឃ្លាថា៖ “ការពិតទៅ ខ្ញុំមិនចង់លូកមាត់កិច្ចការជំនាញរបស់កម្លាំងនគរបាលយុត្តិធម៌នោះទេ ប៉ុន្តែបើខ្ញុំមិននិយាយ គឺវាតឹងក្នុងទ្រូងខ្ញុំស្ទើបែកហើយ ពីព្រោះការ អនុវត្តច្បាប់មិនតម្លាភាព គឺបង្កើតឲ្យមានភាពអយុត្តិធម៌កើតឡើងលើជនរងគ្រោះ និង សង្គមជាតិទាំងមូលតែម្តង ហើយករណីឃាតកម្មប្រើអាវុធ លើគូរដណ្តឹងនេះគឺជាអំពើឃោឃៅព្រៃផ្សៃខ្លាំងណាស់ នឹងឆ្លុះបញ្ចាំងពីការប្រើប្រាស់អាវុធដោយសេរី គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ដូច្នេះមន្រ្តីនគរបាលយុត្តិធម៌មិនគួរបណ្តោយឲ្យជនល្មើសនៅក្រៅច្បាប់យូរយ៉ាងនេះទេវាធ្វើឲ្យពលរដ្ឋខ្មែរខ្វះភាពកក់ក្តៅលើការអនុវត្តច្បាប់ និង សន្តិសុខផ្ទាល់ខ្លួនរបស់ពួកគាត់ ដោយហេតុថាការបណ្តោយឲ្យឃាតករមានសេរីភាព ដូចព្រលែងខ្លាឲ្យដើរក្នុងភូមិមនុស្សកំពុងតែរស់នៅអញ្ចឹងឯង។
រូបខ្ញុំមិនជឿថាកម្លាំងនគរបាលយុត្តិធម៌អសមត្ថភាព ចាប់ឃាតករនោះទេ ពីព្រោះមុខមាត់ និងអត្តសញ្ញាណរបស់ឃាតករគឺបានបង្ហាញជាសាធារណៈហើយ ចុះហេតុអ្វីបានជាចាប់មិនបានទៀតឬឃាតករមានអ្នកតាមានឬទ្ធិមកបំបាំងកាយ.? ជាថ្មីម្តងទៀតខ្ញុំសូមស្នើដល់ឯកឧត្តម នេត សាវឿន សូមពន្លឿនការចាប់ខ្លួនឃាតករមកដាក់ទោសតាមច្បាប់ឲ្យ ឆាប់រហ័សផង ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋខ្មែរនិងធានាឲ្យបាន ការអនុវត្តច្បាប់តម្លាភាព និងយុត្តិធម៌ ព្រមទាំងផ្តល់ភាពយុត្តិធម៌ដល់ជនរង គ្រោះនិងគ្រួសារជនរងគ្រោះផងដែរ។ ពេជ្រ ស្រស់ 06 / 02 / 2020″៕








