ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានថវិកា១៥មុឺនដុល្លារ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលចិនចំពោះការផ្ទុះឡើងនូវមេរោគកូរ៉ូណា
ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ១៥មុឺនដុល្លារ (ព្រះករុណាព្រះមហាក្សត្រ ចំនួន៥មុឺនដុល្លារ និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ចំនួន១០មុឺនដុល្លារ) ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនូវការផ្ទុះឡើង នៃវីរុសកូរ៉ូណា។
ក្នុងនោះផងដែរព្រះករុណាព្រះមហាក្សត្រ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារជូន ឯកឧត្តម សុី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការផ្ទុះឡើងនូវមេរោគកូរ៉ូណា នេះបើយោងតាមការបង្ហោះរបស់ Royal du Cambodge។ សូមបញ្ជាក់ថាគិតមកទល់នឹងព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ វីរុសកូរ៉ូណាបណ្តាលឲ្យមានអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងដល់ ៥៦៥នាក់ ក្នុងនោះមានអ្នកផ្ទុកវីរុសកើនឡើងដល់ ២៨ ២៦២នាក់ ហើយក៏មានអ្នកជាសះស្បើយចំនួន ៩១១នាក់ផងដែរ៕


