PNN បោះទុន 30ម៉ឺនដុល្លារ ផលិតរឿងថ្មីចំណងជើង «រសជាតិអ្នកមាន» ជាស្នាដៃលោកស្រី ពាន់ ភួងបុប្ផា
នៅព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថានីយ ទូរទស្សន៍ ភីអិនអិន បានរៀបចំពិធីក្រុងពាលី ដើម្បីប្រកាសរឿងថ្មី របស់ខ្លួនចំណងជើង «រសជាតិអ្នកមាន» ក្រោម ស្នាដៃ និពន្ធរបស់លោកស្រី ពាន់ ភួងបុប្ផា សហការជាមួយផលិតកម្ម អិមស៊ីអិនវី Picture ដោយសម្រិត សម្រាំង ជាពិសេស និងយក គុណភាពរឿងជាចម្បង។
កញ្ញា ទូច បុប្ផា បានបញ្ជាក់អោយដឹងថា រឿង «រសជាតិអ្នកមាន» គឺជាភាពយន្តភាគខ្មែររសជាតិថ្មីមួយ សម្រាប់ប៉ុស្តិ៍ភីអិនអិន ដែលបាន វិនិយោគ ទឹកប្រាក់ ប្រមាណសាមសិបម៉ឺនដូល្លារអាមេរិក (៣០០,០០០ដូល្លារ)។ ការបោះទុនច្រើន ក៏ដោយសារតែយើងចង់ អោយរឿងមួយ នេះមានភាពរស់រវើក ទាំងតួសម្តែង ទាំងបច្ចេកទេស ទាំងការរៀបចំ សំលៀកបំពាក់តួជាដើម សុទ្ធតែត្រូវបានរៀបចំយ៉ាងល្អិតល្អន់បំផុត ដើម្បីធ្វើយ៉ាង ណាអោយ ទស្សនិកជន បន្តនូវការ គាំទ្ររឿង ភាគខ្មែរនៅភីអិនអិន។
កញ្ញាបន្តថា រឿង «រសជាតិអ្នកមាន» ត្រូវបានផលិតឡើងជាពីរជំនាន់តាំងពីជំនាន់ឪពុក រហូតដល់ជំនាន់កូន។រឿងនេះបានឆ្លុះបញ្ចាំង ពីធាតុពិតនៃសង្គម ថែមទាំង បង្កប់នូវអត្ថន័យអប់រំ ល្អៗជាច្រើនពាក់ព័ន្ធ នឹងគម្លាតរវាងអ្នក មាននិងអ្នកក្រ និងការរស់នៅ របស់ពួកគាត់ផងដែរ។
ក្នុងពិធីក្រុងពាលីរឿងនេះ ត្រូវបានចូលរួមពីសំណាក់ផលិតករអ្នកស្រីពាន់ ភួងបុប្ផា និងតារាសម្តែងល្បីៗ ទាំងតារាជើងចាស់ និងតារាដែលទើបនឹងរះមានដូចជា លោក ជា សំណាង អ្នកនាង កែវ យ៉ាវិញ កញ្ញា ខាត់ យ៉ាឡាង កញ្ញា ម៉ូនី វិជ្ជរ៉ា លោក អេតវីន កញ្ញា ទឹម រដ្ឋា លោក សម្បើម ស័ក្តិ រួមនឹងសិល្បៈករ សិល្បៈការនីជាច្រើនរូបទៀត។ ភីអិនអិន រំពឹង និងសង្ឃឹមថា ទស្សនិកជននឹងគាំទ្ររឿងភាគខ្មែរថ្មី មួយនេះបន្ទាប់ពីចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍។ ការគាំទ្ររបស់ទស្សនិកជន គឺជាកម្លាំងចិត្ត ដ៏សំខាន់មួយដែលធ្វើអោយក្រុមកាងារ ភីអិនអិនទាំងមូលអាចបន្តផលិត និងបង្កើតអ្វីដែលថ្មីជាបន្តទៀត៕








