ជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណា នឹងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី១០ ខែកុម្ភៈ ប្រសិនបើការធ្វើតេស្តលើកចុងក្រោយបង្ហាញលទ្ធផល អវិជ្ជមាន
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រោយពីបានរកឃើញអ្នកជំងឺម្នាក់ ដែលមានវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) ជាជនជាតិចិន នៅខេត្តព្រះសីហនុនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានអនុវត្តន៍វិធានការចត្តាឡីស័ក ដាក់គាត់ឲ្យនៅដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យ ខេត្តព្រះសីហនុ និងមានការពិនិត្យតាមដានព្យាបាលដោយក្រុមគ្រូពេទ្យនៅទីនោះដោយយកចិត្តទុកដាក់ជាទីបំផុត។ បច្ចុប្បន្នអ្នកជំងឺមានសុខភាពល្អប្រសើរដូចធម្មតាវិញហើយ រីឯការធ្វើតេស្តលើវត្ថុវិភាគរបស់អ្នកជំងឺរូបនេះ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញលទ្ធផល អវិជ្ជមានចំនួន២លើក គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ថ្វីត្បិតតែសុខភាពគាត់មានសភាពល្អប្រសើរ និងដើម្បីឲ្យមានភាពច្បាស់លាស់ តាមការពិភាក្សាជាមួយអង្គការសុខភាពពិភពលោក អ្នកជំងឺមិនទាន់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅឡើយទេ ដោយទុកតាមដានបន្ថែមទៀតរហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីរង់ចាំការធ្វើតេស្តសារជាថ្មីម្តងទៀត នៅតាមវិធានវេជ្ជសាស្ត្រក្នុងការបញ្ជាក់នូវភាពជាសះស្បើយ ដោយមិនមានវីរុសកូរ៉ូណាថ្មីពិតប្រាកដរបស់អ្នកជំងឺ។ នៅពេលដែលការវិភាគធ្វើតេសត្តបង្ហាញលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មីនេះជាលើកទី៣ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នោះ ក្រសួងនឹងរៀបចំតាមលក្ខណៈបច្ចេកទេសឲ្យអ្នកជំងឺចេញពីមន្ទីរពេទ្យតែម្តង ហើយសមាជិកគ្រួសាររបស់គាត់៣នាក់ទៀតដែលមានអវិជ្ជមានវីរុសកូរ៉ូណាថ្មីនេះ ក៏នឹងត្រូវបានរួចផុតពីការសង្កេតតាមដានសុខភាពចំនួន១៤ថ្ងៃ ស្របពេលជាមួយគ្នាទៅនឹងការចាកចេញពីមន្ទីរពេទ្យរបស់អ្នកជំងឺខាងលើនោះផងដែរ៕
