កាម៉ារីបាឡែន បុកថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំហេីយគេចខ្លួនបាត់ សង្ស័យម្ចាស់រថយន្តស្រវឹង
ភ្នំពេញ ៖ បុរស២នាក់ទើបតែចេញមកពីស៊ីការគេ ហើយបើករថយន្តត្រឡប់មកផ្ទះវិញក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទេចខូចខាតអស់មួយកំណាត់ខាងមុខ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:១៥នាទីយប់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២៨៩ ត្រង់ចំណុចមុខការ៉ាស់សាំង «តេលា» ទល់មុខអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីនៅដែលដឹងហេតុការណ៍បានរៀបរាប់ថា នៅមុនកើតហេតុ គេឃើញបុរស២នាក់ មិនស្គាល់អត្តសញ្ញាណ បានបើករថយន្ត ១គ្រឿងម៉ាក កាំម៉ារីបាឡែន ពណ៌ស គ្មានផ្លាកលេខ ធ្វើដំណើរពីជើងទៅត្បូងតាមបណ្តោយផ្លូវ២៨៩ ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ សង្ស័យម្ចាស់រថយន្តស្រវឹងស្រា ងោកមួយភាំងក៏ជ្រុលទៅចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវចំពេញទំហឹង បណ្តាលឲ្យរថយន្តបង្ក ខ្ទេចមួយកំណាត់មុខ ផ្ទុះពោងមុខទាំងសងខាងភ្លាមៗនោះ ម្ចាស់រថយន្តបានចុះពីរថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទាក់ទងជំនាញ ចុះវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

