ទៅផ្សារទិញផ្លែឈេីមកលក់ បែរជាស្លាប់ចោលប្ដីនិងកូនតូច៣នាក់ និងម្ខាងទៀតស្លាប់ចោលប្រពន្ធ ដោយសារម៉ូតូបុករ៉ឺម៉កកង់បី នៅមុខផ្សារឈូកមាស
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បេីកកង់បីទៅផ្សារទិញផ្លែឈេីយកមកលក់ តែបានពាក់កណ្តាលផ្លូវ ព្រោះជួបគ្រោះថ្នាក់ត្រូវបុរសម្នាក់ទេីបចេញពីធ្វេីការបេីកម៉ូតូ Scoopy យ៉ាងលឿន ទៅបុកស្លាប់ចោលប្រពន្ធ និងស្ត្រីម្ចាស់កង់បីស្លាប់ចោលប្ដីនិងកូនតូច៣នាក់ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកដំណេីរយ៉ាងខ្លាំង នៅចំណុចមុខផ្សារឈូកមាស ផ្លូវ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នាម៉ោងជិត៥ទាបភ្លឺ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

ជនរងគ្រោះបើកបរកង់បីមានឈ្មោះ ឈិន ភ័ណ្ឌ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើស្នាក់នៅភូមិខ្មែរលើក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានស្លាប់ចោលប្តីនិងកូនតូចៗបីនាក់ប្រុសទាំងបី ដែលបើករឺម៉កកង់បី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BG-4298 ។
ជនរងគ្រោះដែលបើកម៉ូតូមានឈ្មោះ លី គឹមសាន អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅKTV ប៊្លូវើរ ជិតផ្សារដីហ៊ុយ មានស្រុកកំណើតនៅភូមិដំបូក កកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខកណ្តាល 1AH-8119 បានស្លាប់ចោលប្រពន្ធ។
ប្រភពពីអ្នកលក់នំប៉ោងបានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញនារីម្នាក់បើកកង់បីតាមបណ្ដោយផ្លូវ២០១១ទិសដៅពីជើងមកត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក ស្កុបពីពណ៌ស ពាក់ស្លាកលេខកណ្តាល 1AH-8119 ជិះតាមបណ្ដោយផ្លូវ២០១១ ទិសដៅពីត្បូងទៅជើងបញ្រ្ចាសទិសគ្នាក្នុងល្បឿនយ៉ាងលឿន បានវ៉ាររថយន្តមួយគ្រឿងទៀតមកឆ្វេងដៃ ក៏ទៅបុកជាមួយនឹងចំម៉ូតូកង់បីចំពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់ទាំងពីរនាក់ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុភ្លាមៗ ចំណែកម៉ូតូ និងម៉ូតូរុឺម៉កកង់បី រងការខូចខាតខាងមុខដាច់កង់ ស្ទើរតែទាំងស្រុងទាំងសងខាង បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណេីរឆ្លងកាត់ទីនោះ ចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ និងជួយសម្រួលចរាចរណ៍ផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកម៉ូតូនិងកង់បីទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីរងចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់ សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។
យ៉ាងណាមិញ បងប្អូនសប្បុរសជនណាចង់ជួយឧបត្ថម្ភនិងសួរសុខទុកប្ដីស្ត្រីរងគ្រោះដែលស្លាប់ចោលកូនទាំងបី និងប្ដី តាមលេខទូរស័ព្ទប្ដី 093518093 សូមធ្វេីការសាកសួរអោយបានច្បាស់លាស់ ក្រែងលោមានជនឆ្លៀតឱកាសណាយកទៅបង្ហោះបន្តដាក់លេខផ្សេងពីនេះ៕
អត្ថបទ៖ បងម៉េង







