ប្តីប្រពន្ធជិះឡានជាមួយគ្នា ស្រាប់តែឈ្លោះប្រកែកគ្នា ប្រពន្ធចាប់ទាញចង្កូតឡានជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ រួចបើករត់គេចបាត់សល់តែផ្លាកលេខ (មានវីដេអូ)
ភ្នំពេញ ៖ រថយន្ត CAMRY ពាក់ផ្លាកលេខភ្នំពេញ 2K-6622 បើកបរដោយ២នាក់ប្តីប្រពន្ធ ស្រាប់តែឈ្លោះប្រកែកគ្នាប្រពន្ធស្ទុះទៅចាប់ចង្កូតរថយន្តជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋទាំងយប់ បណ្តាលឲ្យរងការខូចខាត ជ្រុះស្លាកលេខ ហើយបើកគេចបាត់ស្រមោលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញប្ដីប្រពន្ធមួយគូរបើករថយន្តកាមរី ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2X-6622 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បានឈ្លោះប្រកែកគ្នាខណ:មកដល់ចំនុចកើតហេតុខាងលើស្រាប់តែប្រពន្ធស្ទុះទៅចាប់ចង្កូតរថយន្តបណ្ដាលឲ្យមកខាងឆ្វេងដៃជ្រុលទៅបុកជញ្ជាំងផ្ទះពេញទំហឹងបណ្ដាលឲ្យរុញទៅបះរថយន្តកាមរីបាឡែនមួយគ្រឿង ដែលចតក្នុងផ្ទះរងការខូចខាត ហើយរថយន្តបង្កបានថយក្រោយ រួចបើករត់គេចបាត់ បន្សល់ធ្លាក់កាងមុខជាប់ស្លាកលេខ តែសំណាងល្អ មិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានថតជុំកើតហេតុទុកជាភស្តុតាង និងយកស្លាកលេខរថយន្តយកទៅអធិការដ្ឋានខណ្ឌដង្កោ ព្រមទាំងប្រាប់ម្ចាស់ផ្ទះឲ្យទៅដាក់ពាក្យបណ្ដឹង៕
អត្ថបទ៖ បងម៉េង




