ព័ត៌មានជាតិ

Mercedes S350 ពន្លះជាមួយរថយន្ត Ford Ranger នៅចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ

BY
Khmernote Media
February 10, 2020

រាជធានីភ្នំពេញ ៖ រថយន្ត Ford Ranger មួយគ្រឿង ក្រឡាប់ផ្ងារជើងឡេីង បន្ទាប់ពីបុកគ្នាជាមួយរថយន្ត Mercedes S350 មួយគ្រឿងទៀត ពេញទំហឹង នៅចំណុចផ្លូវបំបែកជាបួន តែមិនបណ្ដាលឱ្យអ្នកណាម្នាក់នោះរបួសនោះទេ គ្រាន់តែខូចខាត រថយន្តទាំងពីរគ្រឿងយ៉ាងដំណំប៉ុណ្ណោះ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០២:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅត្រង់ចំណុចផ្លូវបំបែកជាបួន លើផ្លូវ២១៤ កែងជាមួយផ្លូវបាស្ទ័រ(ផ្លូវ៥១) ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AY-7119 បេីកបរដោយមនុស្សប្រុសស្រីមួយក្រុម មានគ្នា៣-៤នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវប៉ាស្ទ័រក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនេីបមួយគ្រឿងទៀត ម៉ាក Mercedes S130 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-8787 បេីកបរដោយបុរសម្នាក់ បានធ្វេីដំណើរតាមផ្លូវ២១៤ ក្នុងទិសដៅពីលិចមកកើត ក៏ជ្រុលទៅបុកចំពីចំហៀងស្ដាំរបស់រថយន្ត Ford Ranger ពេញទំហឹងបណ្ដាលឲ្យរថយន្ត Ford Ranger ក្រឡាប់ផ្ងាជើងឡើងលើ តែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តទាំងពីរគ្រឿងយ៉ាងដំណំប៉ុណ្ណោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណេីរឆ្លងកាត់នោះរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានផងដែរ។

បេីតាមសម្ដីម្ចាស់រថយន្ត Mercedes បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុគាត់ធ្វេីដំណេីរពីលិចមកកេីតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត Ford Ranger បេីកលឿនពេកពីជេីងទៅត្បូង ឆ្លងកាត់ផ្លូវបំបែកជាបួនខាងលេី ដោយមិនគោរពស្លាកសញ្ញាឈប់ ស្របពេលដែលគាត់មកលឿនដែរក៏ជ្រុលទៅបុកខ្ទាតក្រឡាប់ផ្ងារជេីងតែម្ដង។ បច្ចុប្បន្នក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់អោយសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ​៖ បងម៉េង

Share This Post: