គួរឲ្យអាសូរ ! ជិះម៉ូតូលឿន ហើយអត់ពាក់មួកសុវត្ថិភាពទៀត ទៅបុកខឿនថ្មពុះចែកផ្លូវ ដួលអូសបោកក្បាលនឹងថ្នល់ស្លាប់ នៅខណ្ឌច្បារអំពៅ
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហេីយ ខណៈដែលបុរសម្នាក់បេីកម៉ូតូ Scoopy មួយគ្រឿង មិនពាក់មួកសុវត្ថិភាពទេក្នុងល្បឿនលឿនមិនដឹងយ៉ាងម៉េច ស្រាប់តែទៅបុកខឿនថ្មពុះចែកផ្លូវ ដួលអូសនឹងថ្នល់បោកក្បាល និងផុសថ្ងាសស្លាប់ភ្លាមៗ គួរឲ្យអាសូរ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមេីល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីង កាលពីវេលាម៉ោង០២:០២នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅមុខហាងថោនដេគ័រ ជិតច្រកចូលមន្ទីរពេទ្យជោរៃ លេីកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ រាជធានីភ្នំពេញ។ ជនរងគ្រោះ មានឈ្មោះ ងន សុខហេង ភេទប្រុស កេីតឆ្នាំ២០០១ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៨២ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុថា នៅមុនពេលកើតហេតុ គេឃេីញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HT-4383 មិនពាក់មួកសុវត្ថិភាពទេ បានធ្វេីដំណេីរតាមតាមបណ្ដោយផ្លូវជាតិលេខ១ ពីកេីតទៅលិច ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ហួសផ្លូវកោងបន្តិចស្រាប់តែរេចង្កូតទៅបុកខឿនថ្មពុះចែកផ្លូវ បណ្ដាលឲ្យដួលម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកឯម៉ូតូខ្ទាតជិត១០០ម៉ែត្រ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណេីរឆ្លងកាត់នោះរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមេីលដេីម្បីស្រាវជ្រាវរក លេខទូរស័ព្ទ សាច់ញាតិ ដេីម្បីទាក់ទងប្រាប់អោយមកកន្លែងកេីតហេតុផងដែរ។ មួយសន្ទុះក្រោយក្រោយមកសាច់ញាតិក្រុមគ្រួសារបានមកដល់កន្លែងកេីតហេតុ ស្រែកទ្រហោយំ នឹកស្រណោះដូចជាស្រស់ៗពេក មិនគួរណាជួបរឿងអកុសលបែបនេះសោះឡេីយ។ បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ សមត្ថកិច្ចផ្នែកវាស់វែង ចរាចរណ៍ ខណ្ឌច្បារអំពៅ ធ្វេីការពិនិត្យមេីលស្លាកស្នាម រួចធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕



អត្ថបទ៖ បងម៉េង