ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧកញ៉ា ឌួង​ ឆាយ​ បើករថយន្តទំនើប​ Rolls Royce ឆ្លងស្តុបផ្លូវបំបែកជាបួន​ ត្រូវរថយន្តកាមេរី​បើកបំពានស្តុប បុកខ្ទេចអស់មួយចំហៀង

    BY Khmernote Media February 13, 2020
    ឧកញ៉ា ឌួង​ ឆាយ​ បើករថយន្តទំនើប​ Rolls Royce ឆ្លងស្តុបផ្លូវបំបែកជាបួន​ ត្រូវរថយន្តកាមេរី​បើកបំពានស្តុប បុកខ្ទេចអស់មួយចំហៀង

    រាជធានីភ្នំពេញ​ ៖ រថយន្តស៊េរីទំនើប​តម្លៃខ្ទង់លានដុល្លារ​ ម៉ាក Rolls Royce ពណ៌ស អត់មានស្លាកលេខ របស់លោកឧញ្ញា ឌួង ឆាយ​ ដែលបើករថយន្តដោយខ្លួនឯង ខណៈពេលកំពុងបើកឆ្លងស្តុប BS ទៅត្រង់ ស្រាប់តែត្រូវបានរថយន្តកាមេរីហាយប្រ៊ីត បើកបរដោយបុរសម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយ បានឆ្លងស្តុបដូចគ្នា​ តែបំពានភ្លើងស្តុបក្រហម​ ទើបអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្ត Rolls Royce បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំ​ និងមិនបណ្ដាលឲ្យមនុស្សរបួសទេ​ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​ដែលធ្វើដំណើរឆ្លងកាត់នោះ​ ចោមរោម​មើល​យ៉ាងច្រើនកុះករ ។

    ​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​នៅម៉ោងជាង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ នៅផ្លូវបំបែកជាបួន​ ស្តុបសេរីភាព​ (ស្តុបBS) លើផ្លូវកម្ពុជាក្រោម​ កែងផ្លូវព្រះមុនីវង្ស​ ស្ថិតក្នុងសង្កាត់មនោរម្យ​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។

    តាមប្រភពព័ត៌មានពីបុរសវ័យចំណាស់ម្នាក់សូមមិនបញ្ចេញឈ្មោះជាអ្នករត់ម៉ូតូកង់បី នៅចំណុចស្តុបកើតហតុដែលឃើញផ្ទាល់បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Rolls Royce ពណ៌ស ពុំមានស្លាកលេខនោះទេ​ ដែលគេស្គាល់ថាជារថយន្តរបស់លោកឧញ្ញា ឌួង ឆាយ បើកបរដោយផ្ទាល់ បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង និងភ្លើងស្តុប​ ពណ៌ខៀវ​ រថយន្តក៏បានបន្តដំណើរទៅមុខទៀត ក្នុងល្បឿនសន្សឹមៗ ។

    ប្រភពបន្តថា​ ខណៈពេលបើកមកដល់ចំណុចកើតហេតុនោះ បានពាក់កណ្តាលស្តុបហើយ ក៏ស្រាប់តែមានរថយន្តភាគីម្ខាងទៀត ម៉ាកកាមេរីហាយប្រ៊ីត​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-1549 បើកបរដោយបុរសម្នាក់​ និងនារីរូបស្រស់ម្នាក់ទៀតរួមដំណើរជាមួយ​បានបើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ទាំងបំពានភ្លើងស្តុបចរាចរណ៍ (ពណ៌ក្រហម​) នៅតែចង់ឆ្លងកាត់ផ្លូវបំបែកជាបួន​ខាងលើទៀត ទើបអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្ត Rolls Royce បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំ​ ចំណែករថយន្ត​កាមេរី​ហាយប្រីត​វិញ រងការខូចខាត​កាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំផងដែរ​ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ​ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​ដែលធ្វើដំណើរឆ្លងកាត់នោះ​ ចោមរោម​មើល​យ៉ាងច្រើនកុះករ ។

    ភ្លាមនោះបុរសដែលម្ចាស់រថយន្តកាមេរីហាយប្រ៊ិត បានចុះទៅ​លុតជង្គង់​ និងសំពះសុំទោសលោកឧកញ៉ា​ ឌួង​ ឆាយ​ ព្រមទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ ដើម្បីឲ្យលោកឧកញ៉ាលើកលែងទោស ​ប៉ុន្តែដោយសារតែអ្នកបើករថយន្តកាមេរីហាយប្រីតនេះ​ បើកបរទាំងបំពានភ្លើងស្តុបចរាចរណ៍​ ទើបបានជាមកបុករថយន្តរបស់គាត់​ ដូច្នេះហើយលោកមិនព្រមលើកលែងអោយ​ទេ និងខឹងយ៉ាងខ្លាំងផងដែរ ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន​និងផ្នែកវាស់វែងខណ្ឌ​ ប្រគល់អោយជំនាញ​ ចុះមកវាស់វែង​រថយន្តទាំងពីរគ្រឿង​ រួចយកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយទៀត។ គួរបញ្ជាក់ថា​ នេះជាលើកទី​៣ហើយដែលរថយន្តស៊េរីទំនើប​ ម៉ាក​ Rolls​Royce​ របស់ឧកញ៉ាឌួង​ ឆាយ​ ត្រូវរងការបុកនិងប៉ះទង្គិច​ ។

    ដោយលើកទី១ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​ពី​​អ្នក​បើក​ម៉ូតូ​កង់​៣​​បើក​បញ្ច្រាស​ទិស​ទាំង​អាការៈ​ស្រវឹង​ស្រា​ និង​ប៉ះ​ទង្គិច​​រថយន្ត​ទំនើប​របស់​លោក​ឧកញ៉ា​​ ឌួង​ ឆាយ​ កាល​ពី​​យប់​ថ្ងៃ​ទី​​២៧​ ខែ​មករា ឆ្នាំ​២០១៧ ​បាន​បញ្ចប់​ដោយ​សន្តិវិធី​ បន្ទាប់​ពី​លោក​​ឧកញ៉ា​បាន​អនុ​គ្រោះ​ដល់​អ្នក​បើក​កង់​៣។ ការ​បញ្ចប់​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​សន្តិវិធី​នេះ​​ធ្វើ​ឡើង​នៅ​ពេល​ភាគី​ទាំង​ពីរ​បាន​ចូល​ខ្លួន​ទៅ​សម្រប​សម្រួល​គ្នា​​នៅ​​អធិការដ្ឋាន​នគរ​បាល​​ចរាចរណ៍​ខណ្ឌ​ទួល​គោក​ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៨​ ខែ​មករា ឆ្នាំ​២០១៧កន្លងទៅ។

    ដោយលើកទី២ មានគ្រោះថ្នាក់ចរាចរណ៍ ដោយបុរស២នាក់ ​បានជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៌​ខ្មៅ ​ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1FI-1094 ក្នុងល្បឿនលឿន មកបុកប៉ះរថយន្តស៊េរីទំនើបកប់ពពក របស់លោកឧកញ៉ា ឌួង​ ឆាយ ម៉ាក Roll Royce ពណ៌​ស​ រងការខូចខាត ​​វេលាម៉ោង​ជាង១០​យប់​ ថ្ងៃ​ទី​៥​ ខែ​មីនា​​ ឆ្នាំ​២០១៩ តាម​បណ្ដោយ​មហាវិថីព្រះ​នរោត្តម​​​ សង្កាត់​បឹង​កេងកង​១​ ​ខណ្ឌ​ចំការមន​​ ​រាជធានី​ភ្នំពេញ។ លោកឧកញ៉ា ឌួង ឆាយ បានបង្ហាញពីអារម្មណ៍សោកសៅ ស្តាយរថយន្តរបស់គាត់ ដែលគាត់មានបំណងរក្សាទុកជា កេរ្តិ៍ប្រចាំត្រតូល។ ក្នុងពេលនោះ​ លោកឧកញ៉ា ក៏បានបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពជាសាធារណៈ ​នៃគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ។

    ក្នុងនោះដែរ លោក​ឧកញ៉ា ឌួង​ ឆាយ ​បាន​បង្ហោះ​សារ​សរសេរ​ថា​« ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយ និងឈឺចាប់បំផុតពេលដែលគេបុកឡានខ្ញុំហើយមិនដឹងកំហុសខ្លួនឯង ខ្ញុំនឹងមិនលើកលែង ទោសអោយមនុស្សដែលមិនស្គាល់ពីកំហុសរបស់ខ្លួនឯង និងមនុស្សត្រូវចាប់ផ្តើមរៀនទទួលលទ្ធផលនៃកំហុសរបស់ខ្លួនឯង ជាពិសេសម៉ូតូបើកបរមិនគោរពច្បាប់ចរាចរណ៍ និងស្មារតីក្រោមជាស្រវឹង ។ មាសប្រាក់មិនសំខាន់​ សំខាន់ឡានខ្ញុំគេឈប់ផលិត និងខ្ញុំមានបំណងទុកជាកេរ្តិ៍ប្រចាំត្រកូលរហូត» ៕​

    អត្ថបទ & រូបភាព៖​ បងម៉េង​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay