ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក កោតសរសើរដល់កម្ពុជា ដែលអនុញ្ញាតឲ្យនាវាឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលចត
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរដល់កម្ពុជា បន្ទាប់ពី រដ្ឋាភិបាលកម្ពុជា សម្រេចឲ្យនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។

លោក W. Patrick Murphy បានឲ្យដឹងយ៉ាងដូច្នេះថា៖ “Cambodia authorities have authorized HAcruises ship Westerdam, with U.S. citizens among pax, to dock at Sihanoukville Feb 13. The ship reports no pax tested positive with coronavirus; medical personnel on board are monitoring. We greatly appreciate Cambodian assistance.”។ “អាជ្ញាធរកម្ពុជាបានអនុញ្ញាតឱ្យនាវាឈ្មោះ Westerdam ដែលមានពលរដ្ឋអាមេរិកក្នុងនោះ ចូលចតនៅក្រុងព្រះសីហនុនាថ្ងៃទី ១៣ ខែកុម្ភះ។ នាវាត្រូវបានគេរាយការណ៍ថា មិនមានអ្នកណាតេស្តវិជ្ជមានចំពោះវីរុសទេ។ បុគ្គលិកពេទ្យនៅលើនាវាក៏កំពុងតាមដាន។ យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះជំនួយរបស់ប្រជាជនកម្ពុជា”។
សូមរំលឹកថានាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ជិតមកដល់កំពង់ផែសមុទ្រកម្ពុជាហើយ ដោយនៅព្រឹកនេះថ្នាក់ដឹកនាំ ក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ កំពុងមានវត្តមាននៅកំពង់ផែក្រុងព្រះសីហនុ រង់ចាំទទួលអ្នកទេសចរណ៍អន្តរជាតិដែលមកតាមនាវាទេសចរណ៍៕



ដោយ៖ ណារ៉ែន